ភ្នំពេញ ៖ អាស៊ាន-ជប៉ុន នៅថ្ងៃនេះ បានបើកកិច្ចប្រជុំកំពូលរបស់ខ្លួន លើកទី២៤ ដែលក្នុងកិច្ចប្រជុំនេះ ជប៉ុនបានប្រកាសផ្ដល់កម្ចី និងជំនួយសន្ធឹកសន្ទាប់សម្រាប់អាស៊ាន និងប្រកាសបន្តគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍប្រទេសតំបន់អាស៊ាន ជាពិសេសការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅអាស៊ាន និងទៅប្រទេសសមាជិកអាស៊ាន។ ប្រមុខដឹកនាំអាស៊ាន ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានប្រកាសផ្តល់វិភាគទាននូវថវិកា៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។
ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានប្រកាសស្វាគមន៍ជប៉ុន ចំពោះការប្រកាសផ្តល់កម្ចី ២៥០ពាន់លានដុល្លារ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ និងបានស្វាគមន៍ចំពោះការផ្តល់ជំនួយសរុបជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ជាគ្រឿងបរិក្ខារពេទ្យ ឧបករណ៍ និងបច្ចេកទេសផ្សេងៗ សម្រាប់អាស៊ាន។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើជប៉ុន ជួយកសាងសហគមន៍អាស៊ាន ជាពិសេសផែនការមេ នៃការតភ្ជាប់របស់អាស៊ានឆ្នាំ២០២៥ និងជួយដល់ការធ្វើសមាហរណកម្មអាស៊ាន។ ស្នើជប៉ុន ជួយកាត់បន្ថយគម្លាតការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន និងជួយដល់ប្រទេសតំបន់មេគង្គ។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងស្នើបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរ។ ជាពិសេសពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ និងវិស័យផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បានប្រកាសថា ជប៉ុននឹងបន្តគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានកត់សម្គាល់លើឯកសារចំនួនពីរ ទី១៖ របាយការណ៍វឌ្ឍនភាព ស្តីពីការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងទី២ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន លើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។
ជាចុងក្រោយ ប្រមុខរដ្ឋាភិបាលជប៉ុន-អាស៊ាន បានពិភាក្សាទៅលើបញ្ហាតំបន់ ដូចជាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ ជាដើម។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម កៅ គឹមហួន ៕
អត្ថបទ៖ មុត សុទ្ធ
