ក្រុមឧទ្ទាមស៊ីរីបានប្រកាសបណ្តេញលោកប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងរដ្ឋធានីដាម៉ាស់(Damascus) កាលពីថ្ងៃអាទិត្យ ៨ ធ្នូ ដោយបង្ខំឱ្យរូបលោកភៀសខ្លួន និងបញ្ចប់ការគ្រប់គ្រងជាច្រើនទសវត្សរ៍របស់គ្រួសារលោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាង ១៣ ឆ្នាំនៅក្នុងពេលវេលដ៏រំជើបរំជួលសម្រាប់តំបន់មជ្ឈិមបូព៌ា។

ក្រុមឧទ្ទាមក៏បានប្រឈមយ៉ាងខ្លាំងផងដែរចំពោះឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី នៅចំកណ្តាលនៃតំបន់ ជាសម្ព័ន្ធមិត្តដែលបានគាំទ្រលោក Assad ក្នុងអំឡុងពេលដ៏សំខាន់នៅក្នុងជម្លោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា លោក Assad និងក្រុមគ្រួសារបានទៅដល់ ប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយអាជ្ញាធររុស្ស៊ី។

ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ប្រធានាធិបតី Assad របស់ប្រទេសស៊ីរីបានមកដល់ទីក្រុងមូស្គូហើយ។ ប្រទេសរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេក្រោមហេតុផលមនុស្សធម៌ ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី ដើម្បីជួយចាប់យកឱកាស និងគ្រប់គ្រងហានិភ័យ។
នៅក្នុងការអត្ថាធិប្បាយនៅឯសេតវិមាន លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រប្រទេសជិតខាងរបស់ស៊ីរី តាមរយៈពេលវេលានៃការផ្ទេរអំណាច ហើយនឹងវាយតម្លៃពាក្យសម្តី និងសកម្មភាពរបស់ក្រុមឧទ្ទាម៕