អ្នកទោសរាប់ម៉ឺននាក់កំពុងសម្រុកចេញពីពន្ធនាគារនៅស៊ីរី កាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) ដោយស្រែកអបអរដោយក្ដីរីករាយនៅពេលពួកគេទទួលបានសេរីភាពចេញពីប្រព័ន្ធឃុំឃាំងដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar al-Assad។

នៅទូទាំងប្រទេសស៊ីរី ក្រុមគ្រួសារបានស្រក់ទឹកភ្នែក ខណៈពួកគេបានជួបជុំគ្នាជាមួយកូនៗ បងប្អូន ប្តីប្រពន្ធ និងឪពុកម្តាយ ដែលបានបាត់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន ចូលទៅក្នុងពន្ធនាគារក្រោមការគ្រប់គ្រងរយៈពេលប្រាំទសវត្សរ៍របស់របបលោក Assad។

វីដេអូពីប្រព័ន្ធផ្សព្វផ្សាយមួយបានបង្ហាញអ្នកទោសទើបមានសេរីភាពជាច្រើននាក់បានរត់កាត់ផ្លូវពាសពេញរដ្ឋធានីដាម៉ាស ដោយលើកម្រាមដៃទាំងសងខាងដើម្បីបង្ហាញថាតើពួកគេជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ហើយសម្ដែងភាពភ្ញាក់ផ្អើលក្រោយដឹងថារបបលោក អាសាដ ត្រូវបានផ្ដួលរំលំ។

ពេញមួយសង្រ្គាមស៊ីវិលដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ កងកម្លាំងសន្តិសុខបានចាប់មនុស្សរាប់សែននាក់ចូលទៅក្នុងជំរំឃុំឃាំង ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិនិយាយថា ការធ្វើទារុណកម្មបានរីករាលដាល ហើយក្រុមគ្រួសារជារឿយៗមិនបានដឹងអ្វីទាំងអស់ពីជោគវាសនារបស់សាច់ញាតិពួកគេដែលជាប់ឃុំក្នុងពន្ធនាគារ៕