សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានពង្រឹងការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់

2024/12/09 05:11:44 pm        344

ភ្នំពេញ៖ តាមរយៈសារលិខិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ ធ្នូ ឆ្នាំ​២០២៤​នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល​អាណត្តិទី៧ នេះ​ បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមាន​ការ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ពុក​រលួយ ​ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការ​ទប់​ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ច​ដែល​កម្ពុជា​មាន​ប្រកប​ដោយ​ការទទួលខុសត្រូវ និងមោទនៈ។

ស្របពេលកម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ (United Nations Convention Against Corruption-UNCAC) ប្រារព្ធទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ដូចសព្វមួយដង សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តែង​នូវក្តីសោមនស្សរីករាយ និងសូមចូលរួម ជាមួយបងប្អូនជនរួមជាតិ វិស័យឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេសគ្រប់ស្ថាប័នជាតិ អបអរសាទរទិវា ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ០៩ធ្នូ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់​វិស័យ និងគ្រប់ ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និង​ការ​គ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ អភិវឌ្ឍសង្គមជាតិ។

សម្ដេចធីបតីមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងកេរដំណែល​ដ៏​មាន​តម្លៃ​បំផុត​នៃ​ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦ អាណត្តិកន្លងមក ក្រោម​ការ​ដឹកនាំ​ដ៏​ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​នេះ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ​រដ្ឋសភា បានបន្តជ្រោងទង់ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ជា​មួយ​នឹង​ឆន្ទៈ​សម្រេចឱ្យបាននូវចក្ខុវិស័យ ជំរុញកម្ពុជាទៅជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុង​នោះ​បាន​លើក​កម្ពស់​ការ​អនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជវភា​ព​នៃ​ប្រព័ន្ធ​តួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចល្អ និងការពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុងវិស័យសាធារណៈ។

សម្ដេចធិបតីបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវ​លទ្ធផល​ធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការ​លើក​កម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ ណែទម្រង់គ្រប់​វិស័យ​រួម​មាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់​គ្រង​រដ្ឋបាល​សាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើប​កម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។

ក្នុងឱកាសនេះ សម្ដេចធិបតី បានឧទ្ទិស​យក​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​នេះ​ផ្តោត​លើកា​រ​ផ្តល់​សេវា​សាធារណៈល្អ ដោយមានប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រលាញ់​គាំទ្រ​» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកប​ដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះ​អាច​សម្រេច​ទៅបាន​ប្រកប​ដោយ​ប្រសិទ្ធភាព គឺត្រូវការចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើ​រដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ផងដែរ។

ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័ន និង​តួ​អង្គ​ពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នានេះ ពង្រឹង​ការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូល​កាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុខ ចេញធ្វើការ និងក្នុងពេលធ្វើការ។ ជំរុញ​ការ​បង្ការ​ទប់​ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និង គណនេយ្យ​ភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោស ទណ្ឌ​ជា​ដើម។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់​ព័ន្ធ​ទាំង​អស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យ​ឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីក​ការងារ​អប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។

សម្ដេចធិបតី​បញ្ជាក់ថា ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាព​ស្អាត​ស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ​ដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និងសម្របសម្រួលចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោត​ជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍ​ជាតិ​របស់​រាជ​រដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញ​ដោយ​ក្រុម​ប្រឹក្សាជា​តិ​ប្រឆាំងអំពើពុករលួយ។ ហើយដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់​គ្រង​ស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការស់នៅ ប្រកប​ដោយ​សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm