ភ្នំពេញ៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាង ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៨ ខែតុលានេះ បានដឹកនាំគណៈប្រតិភូសមាគមចិន ផ្តល់ជូនថវិកា និងសម្ភារៈមួយចំនួនទៀត ជូនបញ្ជាការដ្ឋានអង្គរក្ស ក្នុងបំណងជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
ខណៈកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីមអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៨ ខែតុលានេះ បានដឹកនាំគណៈប្រតិភូសមាគមចិន ផ្តល់ជាអំណាយថវិការ និងសំភារៈផ្សេងៗមួយចំនួនទៀត ជូនឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោហ៊ុន សែន ដើម្បីទុកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌នេះ បានធ្វើឡើងក្រោមវត្តមានឯឧត្តម ហង្ស សាមឿន និងសមាសភាពសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន ស្ថិតនៅបញ្ជាការដ្ឋានកងអង្គរក្ស ទីក្រុងតាខ្មៅខេត្តកណ្តាល។
នៅក្នុងឱកាសនោះ តំណាងសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន បានលើកឡើងថា ដោយមើលឃើញប្រទេសកម្ពុជា បច្ចុប្បន្ននេះ បាននឹងកំពុងរងគ្រោះមហន្តរាយដោយទឹកជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ដល់រាជធានី-ខេត្ត មួយចំនួន ដូច្នេះក្នុងនាមជាសមាគមពាណិជ្ជកម្មចិន នៅក្នុងប្រទេសកម្ពុជា ប្រឹងប្រែងកៀងគរអំណោយ និងថវិកា ដើម្បីចូលរួមរំលែកនូវការលំបាករបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងរឹតចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការឆ្លើយតបឧត្តមសេនីយ៍ឯកណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលជួយផ្តល់ជាថវិកា សម្ភារៈ និងស្បៀងអាហារជាដើម។
ឧត្តមសេនីយ៍ឯក បានសន្យាថា នឹងយកអង្ករ ព្រមទាំងថវិកា ដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ដល់កងយុទ្ធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ។
បើយោតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញផ្សាយនៅពេលថ្មីៗនេះ បានលើកឡើងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ រាជធានី-ខេត្តចំនួន២០ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ បណ្តាលអោយពលរដ្ឋជាង ១៤ម៉ឺនគ្រួសាររងគ្រោះ និងមនុស្សស្លាប់៤៤នាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងដំណាំផ្សេងៗមួយចំនួនទៀត៕
អត្ថបទ៖ទូច សោភ័ណ
