ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានធ្វើការហ្វឹកហាត់នូវសត្វសុនខ ដើម្បីឲ្យចេះស្វែងរកមេរោគកូវីដ១៩ ការហ្វឹកហាត់នេះ ទទួលបានជោគជ័យក្នុងដំណាក់កាលទី១ ដោយសត្វសុនខទាំងនោះ អាចប្រើប្រាស់រយៈពេល ១៥វិនាទីប៉ុណ្ណោះដឹងមុខសញ្ញានៃមេរោគកូវីដ១៩នេះ។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងឱកាសចុះត្រួតពិនិត្យ នៃការវិវត្តនៃការហ្វឹកហាត់សុនខ ឲ្យចេះស្រាវជ្រាវ និងហិតក្លិននៃវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា អគ្គនាយCMAC កម្ពុជាលើកឡើងថា ក្រោយពីការហ្វឹកហាត់នូវសត្វសុនខរយៈពេលជាងបីខែមកនេះ គឺទទួលបានជោគជ័យយ៉ាងធំធេង ដោយសុនខទាំងនេះ អាចធ្វើការហិតក្លិនដឹងនៃមេរោគកូវីដ១៩ បើទោះបីជាការហិតក្លិននេះទាំងបញ្ច្រាសខ្យល់ ឬបណ្តោយខ្យល់យ៉ាងណាក៏ដោយនោះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា សត្វសុនខ គឺជាឧបករណ៍មួយ ដ៏សំខាន់សម្រាប់ជួយដល់មន្រ្តីក្រសួងសុខាភិបាល ក្នុងការស្វែងរកអ្នកផ្ទុកមេរោគកូវីដ១៩ ដោយប្រើប្រាស់រយៈពេលខ្លី និងអាចទទួលលទ្ធផលច្រើន ជាពិសេសអាចប្រើប្រាស់ពួកគេនៅទីប្រជុំជន កន្លែងច្រកទ្វារអន្តរជាតិ និងកន្លែងហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលធ្វើការប្រមូលផ្តុំគ្នាជាដើមនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការសម្រេចប្រើប្រាស់បែបណានោះគឺអាស្រ័យលើក្រសួងសុខាភិបាលជាអ្នកសម្រេចតែប៉ុណ្ណោះ។
សូមបញ្ជាក់ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មន្រ្តីជំនាញ CMAC បានសហការគ្នាជាមួយមន្រ្តីក្រសួងសុខាភិបាល ដោយបានធ្វើការហ្វឹកហាត់នូវសត្វសុនខចំនួន១២ក្បាលជាលើកដំបូង ឲ្យចេះស្វែងរក និងហិតក្លិនមេរោគកូវីដ១៩។
បន្ទាប់ពីធ្វើការហ្វឹកហាត់អស់រយៈពេលជាងបីខែមកនេះ សត្វសុនខទាំងនេះ មានលទ្ធភាពអាចស្វែងរកក្លិនវីរុស កូវីដ១៩ បានដោយជោគជ័យក្នុងដំណាក់កាលទី១នេះ ហើយនឹងអនុវត្តនូវដំណាក់កាលទី២ជាមួយនឹងមនុស្សផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះផងដែរ៕
អត្ថបទ ៖ បាន ចក់







