ប្រជាជនស៊ីរីបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាជុំវិញពិភពលោក ដើម្បីអបអរសាទរការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar al-Assad ដោយមានការសូត្រធម៌ និងការបួងសួង បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រឆាំង បានចូលទៅកាន់រដ្ឋធានីរដ្ឋធានីដាម៉ាស់ដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមប្រឆាំងស៊ីរីបាននិយាយថា ខ្លួនបានដណ្ដើមជ័យជម្នះលើរបបរបស់លោក al-Assad នៅព្រឹកថ្ងៃអាទិត្យទី៨ខែធ្នូចុងសប្ដាហ៍នេះ ដោយបង្ខំឱ្យប្រធានាធិបតីរូបនេះភៀសខ្លួនចេញពីប្រទេស។ នេះជាលើកទី១ដែលកងកម្លាំងប្រឆាំងបានចូលទៅដល់រដ្ឋធានីដាម៉ាស់ ចាប់តាំងពីឆ្នាំ២០១៨ ពេលកងទ័ពស៊ីរីដណ្តើមបានមកវិញនូវតំបន់នានានៅជាយរដ្ឋធានីបន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនឆ្នាំ។

សង្រ្គាមស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ជាការបះបោរប្រឆាំងរបបគ្រប់គ្រងលោក al-Assad ហើយបានឈានដល់ជម្លោះពេញបន្ទុក ដែលអូសទាញមហាអំណាចបរទេសចូលរួម។មនុស្សរាប់សែននាក់ត្រូវបានសម្លាប់ ខណៈមនុស្សរាប់លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង នៅក្នុងវិបត្តិជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក។

ផ្លូវនានាក្នុងទីក្រុង Misrata និងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ពោពេញដោយសម្លេងហ៊ោកញ្ច្រៀវ អបអរសាទរ ខណៈប្រជាជនស៊ីរីក្នុងប្រទេសលីប៊ី បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការដួលរលំរបស់លោក Bashar al-Assad ។ ពលរដ្ឋលីបង់បានប្រមូលផ្តុំគ្នាអបអរសាទរកាលពីថ្ងៃអាទិត្យ ៨ ធ្នូ នៅសង្កាត់ Ashrafieh នៃរដ្ឋធានីបេរូត ក្រោយការទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad។
នៅថ្ងៃដដែលនោះ ប្រជាជនស៊ីរីដែលរស់នៅក្នុងរដ្ឋធានីអង់ការ៉ា (Ankara) របស់ប្រទេសទួរគី ក៏បានប្រមូលផ្ដុំគ្នាអបអរការបញ្ចប់ការគ្រប់គ្រងរបស់លោក Bashar al-Assad នៅក្នុងប្រទេសកំណើតរបស់ពួកគេដែរ។
ប្រជាជនស៊ីរីរាប់រយនាក់បានជួបជុំគ្នាអបអរសាទរការដួលរលំរដ្ឋាភិបាលស៊ីរី នៅទីលានសាធារណៈមួយនៅភាគខាងជើងទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ៨ ធ្នូ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរីបានប្រកាសថាពួកគេបានបណ្តេញប្រធានាធិបតី Bashar al-Assad ។
កាលពីថ្ងៃអាទិត្យនោះដែរ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅច្រកព្រំដែនលីបង់-ស៊ីរី ក្នុងទីក្រុង Masnaa ដើម្បីអបអរសាទរការដួលរលំនៃរបបនេះ ពួកគេភាគច្រើនជាជនជាតិស៊ីរីភៀសខ្លួន ដែលគ្រោងនឹងត្រឡប់ទៅប្រទេសរបស់ពួកគេវិញ៕