ប្រធានសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន មើលឃើញថា វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន បានកំពុងហូរចូលមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ក្រោមបរិយាកាសអំណោយផល និងការងើប ឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជា។
លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) ថ្លែងលើកឡើងនៅក្នុង ពិធីនិងការចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) នៅចុងសប្តាហ៍កន្លងមកថា ទាក់ទិនការធ្វើធុរកិច្ចនេះ បច្ចុប្បន្នសមាគមបានកំពុងអនុវត្តផែនការ សកម្មភាពជាច្រើន ព្រមទាំងបានបង្កើតទីស្នាក់ការចាំនៅទីក្រុងហ្គងចូវ នៃប្រទេសចិន, ការដាក់ទីស្នាក់ការនៅទីនោះ គឺដើម្បីសម្របសម្រួលដល់ប្អូន ជាពិសេសម្ចាស់អាជីវកម្មផ្សេងៗ ដែលស្វែងរកទីផ្សារ ឬដៃគូវិនិយោគ មានឱកាសជួបជុំគ្នារវាងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីពង្រីក ទីផ្សារនៃការចរាចរទំនិញរបស់ខ្លួន។
លោក ប្រធានសមាគមរូបនេះ បានបន្ថែមឱ្យដឹងថា ចាប់ពីដើមឆ្នាំក្រោយនេះ សមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) និងបានរៀបចំផែនការ នៃដំណើរទស្សនកិច្ចរបស់ម្ចាស់អាជីវកម្មចិនចូលមកកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ គឺជា ការបង្កើតនូវទំនាក់ទំនង ការស្វែងរកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗជាដើម។
លោក ណែម ឌីណា បន្ថែមថា ជុំវិញការវិនិយោគនេះ ឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាង និងបានបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូសំខាន់ៗជាច្រើន និងបានដាក់ចេញទិសដៅលើកទឹកចិត្ត ដែលជាការពង្រឹងនូវ ទំនុកចិត្តដល់វិនិយោគិនគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា បច្ចុប្បន្នឃើញថា, លំហូរនៃវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន បានកំពុងហូរចូលមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ហើយកម្ពុជានឹង ទទួលបានវិនិយោគិនបរទេសកាន់តែច្រើនទៀតនៅក្នុងឆ្នាំបន្តបន្ទាប់។
សូមបញ្ជាក់ថា ពាក់ព័ន្ធគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបន្តវេននៃការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តដល់វិនិយោគិនគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជារួម បញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥។ ជាក់ស្តែងជុំវិញវិនិយោគនេះ, នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៣ ក្នុងនោះគម្រោងពង្រីកផលិតកម្មចំនួន៣ មានទុនវិនិយោគសរុបជិត ៩៤០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង៕ អត្ថបទ៖ សុន រ៉ាឌី




