ភ្នំពេញ ៖នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ពោលគឺអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយនៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបី បានគូសបញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នា គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាត្បូង) លើកទី២៤ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានគូសបញ្ជាក់ ពីការងារដែលបានធ្វើរួមគ្នាទី១ គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩ ហើយប្រទេសបូកបី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រទេសអាស៊ាន ជាពិសេសក្នុងការជួយលើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាលពីប្រទេសអាស៊ានបូកបី ក៏បានលើកឡើងអំពីសារសំខាន់នៃការ បន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងអស់ ។
ប្រមុខរដ្ឋាភិបាលអាស៊ានបូកបីបានលើកពីយន្តការដែលមានស្រាប់ជាពិសេស ពាក់ព័ន្ធ នឹងសន្តិសុខស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយទៀត គឺអំពីការតភ្ជាប់ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ ២០២៥, ហើយក៏មានចក្ខុវិស័យក្នុងការកសាងសហគមន៍ មិនមិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូកបីនេះ ។
បើតាមឯកឧត្តម កៅ គឹមហួន ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ានបូកបី ក៏បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយ គឺរបាយការណ៍វឌ្ឍនភាពលើកទី៤ ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២។
ឯកឧត្តម បន្តថា ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូក៣នេះ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ មក ដែលពេលនោះ មានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ហើយតាំងពីពេលនោះមក មេដឹកនាំអាស៊ានបូក៣ មានកិច្ចប្រជុំរាល់ឆ្នាំ៕
អត្ថបទ មុត សុត
