របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) ថា កម្មករនៅក្នុងមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់ដ៏ធំបំផុតមួយចំនួនរបស់ពិភពលោកក្នុងប្រទេសបង់ក្លាដែស វៀតណាម និងប៉ាគីស្ថាន កំពុងប្រឈមមុខនឹងកម្ដៅដ៏ខ្លាំងក្លា ខណៈបម្រែបម្រួលអាកាសធាតុជំរុញឱ្យសីតុណ្ហភាពកើនឡើង ជាបញ្ហាមួយដែលអ្នកលក់រាយចម្រុះជាតិសាសន៍ និងម៉ាកយីហោល្បីៗនឹងត្រូវជួយដោះស្រាយ។

បទប្បញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុប ធ្វើឱ្យក្រុមហ៊ុនដែលលក់នៅក្នុងប្លុកនេះ ដូចជាម៉ាកយីហោល្បីៗ Inditex, H&M និង Nike ទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះលក្ខខណ្ឌអាកាសធាតុដ៏លំបាកនៃអ្នកផ្គត់ផ្គង់របស់ពួកគេ ដោយដាក់សម្ពាធកាន់តែខ្លាំងដើម្បីឱ្យម៉ាកយីហោទាំងនោះជួយផ្តល់មូលនិធិកែលម្អដល់រោងចក្រឱ្យមានភាពត្រជាក់ជាងមុន ដើម្បីកុំឱ្យកម្មករទ្រាំធ្វើការច្រើនម៉ោងក្នុងស្ថានភាពក្ដៅគគុក។

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានពលកម្មសកលរបស់សាកលវិទ្យាល័យ Cornell បានរកឃើញថា នៅទីក្រុងដាកា ហាណូយ ហូជីមិញ និងទីក្រុងការ៉ាជី (Karachi) ចំនួនថ្ងៃដែលមានសីតុណ្ហភាព "ក្ដៅសើម" លើសពី ៣០,៥អង្សាសេ កើនឡើង ៤២% ក្នុងឆ្នាំ ២០២០-២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥-២០០៩។
លើសពីកម្រិតនោះ អង្គការពលកម្មអន្តរជាតិ បានផ្តល់អនុសាសន៍ឱ្យកម្មករសម្រាកឱ្យបានច្រើនក្នុងម៉ោងការងារណាមួយដើម្បីរក្សាកម្រិតសីតុណ្ហភាពរាងកាយស្នូលប្រកបដោយសុវត្ថិភាព។ របាយការណ៍ក៏បានជំរុញឱ្យអ្នកលក់រាយ និងម៉ាកយីហោនានា វិនិយោគលើប្រាក់ឈ្នួលខ្ពស់ និងការការពារសុខភាព ដើម្បីឱ្យកម្មករអាចគ្រប់គ្រងហានិភ័យនៃការខកខានថ្ងៃធ្វើការដោយសាររលកកម្ដៅ៕