បណ្តាញការពារសិទ្ធិមនុស្សជាតិ (RNDDH) បាននិយាយកាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) ថា មនុស្សយ៉ាងហោចណាស់ ១១០នាក់ ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ នៅក្នុងសហគមន៍អនាធិបតេយ្យ ស៊ីតេ សូឡី (Cite Soleil) របស់ប្រទេសហៃទី នៅពេលមេដឹកនាំក្រុមជនអន្ធពាលបានកំណត់គោលដៅលើមនុស្សវ័យចំណាស់ ដែលសង្ស័យថាបានបង្កជំងឺដល់កូនរបស់ខ្លួនតាមរយៈអំពើអាបធ្មប់។ ជនរងគ្រោះទាំងអស់សុទ្ធតែមានវ័យលើសពី ៦០ឆ្នាំ។

ក្រុមសិទ្ធិមនុស្ស RNDDH និយាយថា មេដឹកនាំក្រុមជនអន្ធពាល វ៉ាហ្វ ហ្សេរ៉េមី (Wharf Jeremie) ឈ្មោះថា ម៉ូនែល ហ្វីលីច (Monel Felix) ហៅក្រៅថា មីកាណូ (Mikano) បានបញ្ជាឱ្យមានការសម្លាប់រង្គាលនោះ បន្ទាប់ពីកូនរបស់លោកធ្លាក់ខ្លួនឈឺ ហើយបានចោទមនុស្សចាស់នៅក្នុងតំបន់ថាធ្វើបាបក្មេងតាមរយៈអំពើផ្លូវងងឹត។

បណ្ដាញសិទ្ធមនុស្សនេះនិយាយថា ក្រុមប្រដាប់អាវុធទាំងនេះបានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់នៅថ្ងៃសុក្រ និង ៥០នាក់នៅថ្ងៃសៅរ៍ ដោយប្រើដាវ និងកាំបិត។ តំបន់អនាធិបតេយ្យ Cite Soleil ដែលមានប្រជាជនរស់នៅច្រើនកុះករនៅកំពង់ផែនៃរដ្ឋធានីព័រអូប្រាំង ស្ថិតក្នុងចំណោមតំបន់ក្រីក្របំផុត និងហិង្សាបំផុតនៃប្រទេសហៃទី៕