ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា ប្រទេសរបស់លោក បានបាត់បង់ទាហាន ៤៣.០០០នាក់ ក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមការវាយលុកក្នុងខែកុម្ភៈ ឆ្នាំ២០២២។ តួលេខដែលបានបង្ហាញក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃអាទិត្យ គឺកើនឡើង១២.០០០នាក់ ពីចំនួនដែលលោកបានប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំនេះ។

លោក Zelenskyy បាននិយាយថា ទាហានអ៊ុយក្រែនដែលរងរបួស បានទទួលជំនួយផ្នែកវេជ្ជសាស្រ្តចំនួន៣៧០.០០០ករណី។ លោកក៏បានបង្ហាញដែរថា ទាហានប្រហែលពាក់កណ្តាលនៃទាហានដែលបានរងរបួសក្នុងប្រតិបត្តិការ បានត្រឡប់ទៅសមរភូមិវិញហើយ។
លោក Zelenskyy បាននិយាយថា រុស្ស៊ីក៏បានមើលឃើញទាហានរបស់ខ្លួនចំនួន១៩៨.០០០នាក់ត្រូវបានសម្លាប់ និងជាង៥៥០.០០០នាក់ផ្សេងទៀត បានរងរបួស។ លោក បានប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់កងទ័ពក្នុងអត្រា៥ទៅ៦ ដងខ្ពស់ជាងការបាត់បង់របស់ទាហានអ៊ុយក្រែន ចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។

លោក Zelenskyy បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចត្រូវបញ្ឈប់បាន ដោយកម្លាំងរបស់មេដឹកនាំពិភពលោក ជាអ្នកដែលអាចដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព។ លោកបាននិយាយបន្ថែមថា អ៊ុយក្រែនពឹងផ្អែកលើសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ក្នុងការជួយបញ្ឈប់ លោក Putin។