ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) នៅលើប្រព័ន្ធផ្សព្វផ្សាយ NBC News ថា លោកមានគោលបំណងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលអាណត្តិ ៤ឆ្នាំរបស់ខ្លួន។

លោក Trump ក៏បាននិយាយផងដែរថា លោកគ្រោងនឹងចាត់វិធានការប្រតិបត្តិនៅថ្ងៃកាន់តំណែងដំបូងរបស់លោក ដើម្បីព្យាយាមបញ្ចប់សិទ្ធិជាពលរដ្ឋពីកំណើត ដែលផ្តល់សញ្ជាតិដល់នរណាម្នាក់ដែលកើតនៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ឪពុកម្តាយពួកគេ។
លោក Trump អ្នកនយោបាយបក្សសាធារណរដ្ឋដែលបានឈ្នះអាណត្តិទីពីរនៅក្នុងសេតវិមាន ធ្លាប់បានសន្យាធ្វើការនិរទេសយ៉ាងច្រើន ហើយលោកត្រូវបានគេរំពឹងថានឹងប្រកាសអន្តោប្រវេសន៍ខុសច្បាប់ជាគ្រាអាសន្នជាតិ នៅពេលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា និងប្រើប្រាស់ធនធានពីទូទាំងរដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្រដល់ការបង្រ្កាបដ៏ធំទូលាយមួយនោះ។
លោក Trump ក៏លើកឡើងថា លោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍ដែលត្រូវនាំចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ក្នុងនាមជាកុមារ ដោយនិយាយថាបក្សសាធារណរដ្ឋបើកចំហចំពោះគំនិតនេះ។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍ប្រមាណ ១១លាននាក់ រស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ គិតត្រឹមខែមករា ឆ្នាំ២០២២ ប៉ុន្តែតួលេខនោះទំនងជាកើនឡើងខ្ពស់ខ្លាំងជាងនេះនៅពេលបច្ចុប្បន្ន៕