ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាថា ភាគីអូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់មន្រ្តីព្រំដែនកម្ពុជា បន្ទាប់ពីកម្ពុជាបើកដំណើរការច្រកព្រំដែនឡើងវិញ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ»។
នៅក្នុងកិច្ចជំនួបនោះ លោក Pablo Kang បានបញ្ជាក់ប្រាប់ដល់សម្តេចក្រឡាហោម ស ខេងផង ដែរថា ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយថវិកាប្រមាណ ១៥លានដុល្លាអូស្ត្រាលីសម្រាប់អនុវត្តគម្រោង នៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះ បានផ្ដល់ជូនតាមរយៈធនាគារពិភពលោកផងដែរនោះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ដោយលលោកឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តម បានជម្រាបជូនសម្ដេចថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬអសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថា ការផ្ដល់ជំនួយរបស់អូស្ត្រាលីនេះក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។
ដោយឡែកសម្រាប់ អូស្ត្រាលីត្រៀមខ្លួនក្នុងការជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់មន្រ្តីច្រកព្រំដែនកម្ពុជានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក ហើយសម្ដេចក៏បានស្នើភាគីអូស្ត្រាលី តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែជិតស្និតខ្លាំងក្លាថែមទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈម នឹងជំងឺកូវីដ -១៩ក៏ដោយនោះ៕
អត្ថបទ ៖ បាន ចក់



