មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យ ថ្ងៃទី៨ ខែធ្នូ បាននិយាយថាទីក្រុង គីវ (Kyiv) ត្រូវការសន្តិភាពយូរអង្វែងដើម្បីការពារប្រទេសនេះពីរុស្ស៊ី បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉ារីសជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលបានព្រមានថាលោកអាចកាត់បន្ថយជំនួយដល់អ៊ុយក្រែន។

លោក Trump បាននិយាយមុននេះថាលោក Zelensky ចង់បានកិច្ចព្រមព្រៀង ហើយបានអំពាវនាវឱ្យចាប់ផ្តើមការចរចា។លោកទាំងពីរបានជួបគ្នាមួយថ្ងៃមុននេះ ជាមួយមេដឹកនាំបារាំងលោក Emmanuel Macron នៅវិមានប្រធានាធិបតី អាលីហ្សេ (Elysee) ។
នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានថតទុកមុនកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកដែលនឹងចូលកាន់អំណាចនៅខែមករា ឆ្នាំក្រោយ នឹងកាត់បន្ថយជំនួយដល់អ៊ុយក្រែន ដែលទីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីជិតបីឆ្នាំមកនេះ។

លោក Trump បានប្រាប់កម្មវិធី "Meet the Press"របស់ទូរទស្សន៍ NBC ថា មែនហើយ ប្រហែលជាប្រាកដណាស់។
លោក Trump បានអួតថាលោកអាចបញ្ចប់ជម្លោះបានយ៉ាងឆាប់រហ័សដោយមិននិយាយពីរបៀបណានោះទេ។ ទីក្រុងមូស្គូ និងទីក្រុង គីវ កំពុងត្រៀមខ្លួនសម្រាប់វត្តមានរបស់លោកទៅកាន់សេតវិមាន ទន្ទឹមនឹងការកើនឡើងនៃការវាយប្រហារដ៏សាហាវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងជម្លោះដែលនៅតែបន្ត។
ប្រធានាធិបតីអ៊ុយក្រែន ដែលធ្លាប់ប្រឆាំងនឹងសម្បទានទឹកដីណាមួយ បានបន្ថយជំហរបស់លោកក្នុងប៉ុន្មានខែថ្មីៗនេះ។ កងទ័ពរបស់លោកកំពុងតស៊ូនៅសមរភូមិជួរមុខ ហើយការភ័យខ្លាចកំពុងកើនឡើងនៃជំនួយលោកខាងលិចដែលកំពុងធ្លាក់ចុះ៕