យោងតាមអាជ្ញាធរការពារជនស៊ីវិលរបស់ប្រទេសបានឲ្យដឹងថា រដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីល នៅតែស្ថិតក្រោមការព្រមានចំពោះព្យុះដ៏ខ្លាំងក្លា ដែលបានបង្កឱ្យមានទឹកជំនន់ បំណាក់ដី និងការជម្លៀសប្រជាជន នៅក្នុងក្រុងចំនួន២២ ។

ទីក្រុង Joinville ជាទីក្រុងធំបំផុតនៅក្នុងរដ្ឋ បានទទួលរងនូវទឹកជំនន់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនដោយទីភ្នាក់ងារសេវាអាកាសធាតុ បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃអង្គារ សប្តាហ៍នេះ។
យោងតាមទីភ្នាក់ងារសេវាអាកាសធាតុ បានឲ្យដឹងថា ក្រុង ឌីនីស៊ីយ៉ូ សេកឃឺរ៉ា(Dionisio Cerqueira) បានកត់ត្រាទឹកភ្លៀងខ្ពស់បំផុត ១៨៦,៤មីលីម៉ែត្រក្នុងរយៈពេល៤៨ម៉ោងកន្លងទៅនេះ ដែលបង្កើនហានិភ័យនៃបំណាក់ដីធ្ងន់ធ្ងរ។

ទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីព្រឹត្តិការណ៍ឧតុនិយមដែលអាចកើតមាន ដោយមាន «ហានិភ័យពីមធ្យម ទៅខ្ពស់»។
ពពក បក់ផាត់ពីអាមេរិកកណ្តាលឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក បានបណ្តាលឱ្យមានព្យុះនៅក្នុងរដ្ឋ Santa Catarina ។
កាលពីខែឧសភា និងខែមិថុនា ព្យុះបានបង្កឲ្យមានទឹកជំនន់នៅក្នុងរដ្ឋជិតខាង Rio Grande do Sul បណ្តាលឱ្យមនុស្សចំនួន១៨៣នាក់ស្លាប់ និងបានធ្វើឲ្យប៉ះពាល់ដល់ជាង៩០ភាគរយនៃតំបន់នេះ។