រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូងនិយាយថា ពួកគេកំពុងស៊ើបអង្កេតប្រធានាធិបតី លោក Yoon Suk-yeol ពីបទក្បត់ជាតិ និងបំពានអំណាច តាមដែលបានចោទប្រកាន់។
រដ្ឋអាជ្ញា កំពុងសាកសួរអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Kim Yong-hyun ជាអ្នកដែលត្រូវបានសង្ស័យថា បានណែនាំ លោក Yoon ឱ្យប្រកាសច្បាប់អាជ្ញាសឹក។

ប្រធានការិយាល័យស៊ើបអង្កេតពិសេស នៅក្នុងការិយាល័យរដ្ឋអាជ្ញារបស់ប្រទេស បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ពួកគេបានកត់ត្រាទុក លោក Yoon ជាជនសង្ស័យម្នាក់ ដោយនិយាយថា «ពាក្យបណ្តឹងជាច្រើន ត្រូវបានដាក់ស្នើ ហើយការស៊ើបអង្កេតកំពុងដំណើរការ ស្របតាមដំណើរការ»។ ពួកគេបានបង្កើតក្រុមពិសេសនេះឡើង បន្ទាប់ពីមានការចោទប្រកាន់ជាច្រើន មកពីគណបក្សប្រឆាំង។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបង្ហាញខ្លួនសម្រាប់ការសាកសួរដោយរដ្ឋអាជ្ញា។ តាមដែលចោទប្រកាន់ លោក បានប្រាប់ឱ្យ លោក Yoon ប្រកាសច្បាប់អាជ្ញាសឹក។
តាមសេចក្តីរាយការណ៍ លោក Kim និង លោក Yoon បានចូលរៀននៅវិទ្យាល័យតែមួយ ដោយអតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ មានវ័យចំណាស់ជាងលោក Yoon មួយឆ្នាំ។ លោក Kim ត្រូវបានគេរាយការណ៍ថា ជាជំនួយការជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព លោក Lee Sang-min បានស្នើលាចេញពីតំណែង កាលពីថ្ងៃអាទិត្យ។ លោក Lee បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពុំបានជួយ លោក Yoon ឲ្យបានគ្រប់គ្រាន់ ហើយបានសុំទោសដល់ប្រជាជន។ លោក Lee ក៏ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងអំពើខុសច្បាប់ផ្សេងទៀតផងដែរ។