ក្រុមឧទ្ទាមដឹកនាំដោយពួកអ៊ិស្លាមនិយម បានផ្តួលរំលំមេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសស៊ីរី គឺលោក បាស្ហា អាល់-អាសាដ (Bashar al-Assad) កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយលុកដ៏លឿនដូចរន្ទះមួយ ដែលនាំឱ្យអង្គការសហប្រជាជាតិ និងអន្តរជាតិសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង។

បណ្ដាមេដឹកនាំពីជុំវិញពិភពលោកបានជំរុញឱ្យប្រជាជនស៊ីរី ខិតខំរក្សាស្ថិរភាព និងភាពស្ងប់ស្ងាត់ ខណៈព្រមានពីគ្រោះថ្នាក់ដែលប្រទេសនេះកំពុងប្រឈម ស្របពេលចន្លោះប្រហោងនៃអំណាច។

សម្ព័ន្ធមិត្តរបស់លោក Assad គឺទីក្រុងមូស្គូ បាននិយាយថា ទាហានរុស្ស៊ី នៅមូលដ្ឋានស៊ីរី ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែថាមិនមាន "ការគំរាមកំហែងធ្ងន់ធ្ងរ" ដល់ពួកគេទេ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានចាត់ទុកការដួលរលំរបស់លោក Assad ថាមកពីបាត់បង់ការគាំទ្រពីរុស្ស៊ី។

ប្រទេសជាច្រើនទៀតដូចជាចក្រភពអង់គ្លេស បារាំង ចិន ទួរគី អ៊ីរ៉ង់ និងអ្នកផ្សេងទៀតជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងសន្យាប្រឹងប្រែងធ្វើការជុំវិញបញ្ហានេះដើម្បីសន្តិសុខក្នុងតំបន់។
ការវាយរុលដូចផ្លេកបន្ទោរនៃសម្ព័ន្ធកងជីវពលដឹកនាំដោយក្រុមឧទ្ទាម HTS ដែលជាអតីតសាខារបស់ក្រុមអាល់កៃដា បានក្លាយជាចំណុចរបត់ដ៏ធំបំផុតមួយសម្រាប់មជ្ឈិមបូព៌ាក្នុងពេលច្រើនជំនាន់។ ការដួលរលំរបស់លោក Assad បានបំផ្លាញបន្ទាយមួយ ដែលអ៊ីរ៉ង់ និងរុស្ស៊ី បានអនុវត្តឥទ្ធិពលនៅទូទាំងពិភពអារ៉ាប់៕