គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ (០៩ ធ្នូ) នេះបានចោទប្រកាន់គណបក្សកាន់អំណាចថាបានរៀបចំ "រដ្ឋប្រហារលើកទីពីរ" ដោយការទទូចមិនព្រមលែងដៃពីការដឹកនាំប្រទេស និងបដិសេធមិនចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។

កិច្ចប្រឹងប្រែងដើម្បីចោទប្រកាន់លោក Yoon ជុំវិញច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសនោះ បានបរាជ័យកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពហិការដោយគណបក្សកាន់អំណាច ដែលអះអាងថា មេដឹកនាំមិនសូវមានប្រជាប្រិយភាពខ្លាំងរូបនេះ បានយល់ព្រមប្រគល់អំណាចឱ្យនាយករដ្ឋមន្ត្រី និងប្រធានបក្ស។

មេដឹកនាំជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង គឺលោក ផាក ចាន់ដែ (Park Chan-dae) បាននិយាយថា “នេះគឺជាទង្វើខុសច្បាប់ និងខុសពីរដ្ឋធម្មនុញ្ញនៃការបះបោរលើកទីពីរ និងរដ្ឋប្រហារលើកទីពីរ” ដោយជំរុញឱ្យគណបក្សកាន់អំណាច "បញ្ឈប់សកម្មភាពនេះជាបន្ទាន់"។
នៅក្រោមរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ប្រធានាធិបតីនៅតែជាប្រមុខរដ្ឋាភិបាល និងជាអគ្គមេបញ្ជាការកងទ័ព លុះត្រាតែលោកអសមត្ថភាព លាលែងពីតំណែង ឬចុះចេញពីតំណែង។ ក្នុងករណីបែបនេះ អំណាចនឹងត្រូវប្រគល់ឱ្យនាយករដ្ឋមន្ត្រីជាបណ្តោះអាសន្ន រហូតដល់ការបោះឆ្នោតថ្មីអាចត្រូវបានរៀបចំឡើង៕