ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០៩ ធ្នូ) នេះបានបង្កើតក្រុមការងារទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីឧបទ្ទវហេតុដុតដោយចេតនាលើសាលាប្រជុំសាសនាជីហ្វមួយក្នុងទីក្រុង Melbourne ដែលនគរបាលនិយាយថាទំនងជាអំពើភេរវកម្ម។

អគ្គិភ័យកាលពីព្រឹកថ្ងៃសុក្រនៅឯសាលាប្រជុំ អាដាស អ៊ីស្រាអែល (Adass Israel) នោះបានបណ្ដាលឱ្យមនុស្សម្នាក់របួស និងការខូចខាតយ៉ាងទូលំទូលាយ ហើយក៏បានធ្វើឱ្យទំនាក់ទំនងរវាងអូស្ត្រាលី និងសម្ព័ន្ធមិត្តអ៊ីស្រាអែល កាន់តែតានតឹង។

ក្រុមការងារនគរបាលសហព័ន្ធអូស្ត្រាលី (AFP) មួយនេះនឹងត្រូវបានគេស្គាល់ថា Abalight។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ការវាយប្រហារលើសហគមន៍ជនជាតិជ្វីហ្វគឺជារឿងគួរឱ្យបារម្ភយ៉ាងខ្លាំង។
អូស្ត្រាលី បានមើលឃើញកំណើនឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ និងការភ័យខ្លាចប្រឆាំងនឹងសាសនាអ៊ីស្លាម ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្ដើមក្នុងខែតុលា ឆ្នាំមុនមក។ អង្គការជ្វីហ្វមួយចំនួនបាននិយាយថា រដ្ឋាភិបាលមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការឆ្លើយតបលើបញ្ហាទាំងនោះទេ៕