ករណីឆ្លងជាច្រើនបន្ថែមទៀតនៃជំងឺមិនដឹងប្រភពស្រដៀងនឹងគ្រុនផ្តាសាយ ដែលត្រូវបានដាក់ឈ្មោះថា "ជំងឺអ៊ិច" (Disease X) ត្រូវបានរាយការណ៍នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈការផ្ទុះឡើងបានបន្តរីករាលដាល ហើយអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីជួយស៊ើបអង្កេតបញ្ហានេះ។

អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអាទិត្យ (០៨ ធ្នូ) ថា ចាប់តាំងពីថ្ងៃទី២៤ ខែតុលា មកមានករណីឆ្លងចំនួន ៤០៦នាក់នៃជំងឺមិនស្គាល់ប្រភពនេះ —ដែលសម្គាល់ដោយគ្រុនក្តៅ ឈឺក្បាល ក្អក ហៀរសំបោរ និងឈឺចាប់រាងកាយ— ត្រូវបានរាយការណ៍រហូតដល់ថ្ងៃទី០៥ ខែធ្នូ នៅក្នុងតំបន់សុខភាព ផានហ្ស៊ី (Panzi) នៅភាគនិរតីកុងហ្គោ។ តួលេខនោះគឺកើនឡើងពី ៣៧៦ករណីដែលបានប្រកាសកាលពីសប្តាហ៍មុននោះ។

ជាងពាក់កណ្តាលនៃករណីឆ្លងពាក់ព័ន្ធនឹងកុមារអាយុក្រោម ៥ឆ្នាំ ហើយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការស្លាប់ចំនួន ៣១នាក់ត្រូវបានកត់ត្រាក្នុងមួយសប្ដាហ៍ ធ្លាក់ចុះពីតួលេខ ៧៩នាក់ដែលបានរាយការណ៍ក្នុងសប្តាហ៍មុននោះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបមានរាប់រយនាក់។

ជំងឺរាតត្បាតនេះ ផ្តោតលើតំបន់ជនបទដាច់ស្រយាលនៃខេត្ត ខ្វានហ្គោ (Kwango) ជាទីដែលស្ថានភាពផ្លូវមិនល្អ និងភ្លៀងធ្លាក់ខ្លាំង មានន័យថាអ្នកជំងឺត្រូវចំណាយពេលជិត ៤៨ម៉ោងដើម្បីទៅដល់ពីរដ្ឋធានី គីនស្ហាសា ក្នុងការទទួលបានការព្យាបាល។
បញ្ហាប្រឈមនៃការចូលទៅកាន់តំបន់នេះ បានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ពីអ្នកស្លាប់ដែលទាក់ទងនឹងជំងឺ។ ករណីធ្ងន់ធ្ងរទាំងអស់ពាក់ព័ន្ធនឹងបុគ្គលដែលទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយបន្ថែមភាពស្មុគស្មាញដល់ការកំណត់អត្តសញ្ញាណនៃប្រភពជំងឺឆ្លង៕