អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនជឿថា ប្រជាជនស៊ីរី គួរតែមានសិទ្ធិតែមួយគត់ ក្នុងការកំណត់អនាគតរបស់ពួកគេ ដោយមិនមានការជ្រៀតជ្រែកពីបរទេស ឬការបង្កហេតុណាមួយឡើយ។

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី រួមទាំងការដួលរលំនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ ( Bashar al-Assad) ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការកំណត់អនាគតរបស់ប្រទេសស៊ីរី និងការសម្រេចចិត្តអំពីជោគវាសនារបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់ស៊ីរីតែមួយគត់ ដោយពុំមានការជ្រៀតជ្រែកដែលបំផ្លិចបំផ្លាញ ឬការបង្កហេតុខាងក្រៅឡើយ»។

ក្រសួងបានបន្ថែមថា ដើម្បីសម្រេចជោគវាសនានេះ គឺចាំបាច់ត្រូវបញ្ចប់ជម្លោះយោធា ក្នុងប្រទេសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទប់ស្កាត់សកម្មភាពភេរវកម្ម និងចាប់ផ្តើមការចរចាថ្នាក់ជាតិ ដែលពាក់ព័ន្ធនឹងគ្រប់ផ្នែកនៃសង្គមស៊ីរី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលតំណាងឲ្យប្រជាជនស៊ីរីទាំងអស់។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា អ៊ីរ៉ង់នឹងមិនខិតខំប្រឹងប្រែង ដើម្បីជួយធានាសន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសស៊ីរី ហើយនឹងបន្តការពិគ្រោះយោបល់ជាមួយភាគីមានឥទ្ធិពលទាំងអស់ ជាពិសេសអ្នកដែលនៅក្នុងតំបន់អាស៊ីខាងលិច។
កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងប្រឆាំង បានសម្រុកចូលស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ( Damascus) បន្ទាប់ពីដណ្តើមបានរដ្ឋធានីស៊ីរី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថា ស្ថានទូតត្រូវបានជម្លៀសចេញ មុនពេលមានការវាយប្រហារ។