
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយដើម្បីស្នើសុំកែតម្រូវទិន្នន័យ ប្រសិនបើមានកំហុសឆ្គង ហើយប្រជា ពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ឬប្រជាពលរដ្ឋដែល បានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ឬដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឱ្យបានគ្រប់ៗគ្នា ការអំពាវនាវរបស់ឯកឧត្តមប្រធាន ដូចនេះ គឺស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅសល់ត្រឹមតែ ៣៤ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសង្កាត់ចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សង្កាត់គោកឃ្លាង សង្កាត់គ្រាំងធ្នង់ សង្កាត់គោករកា សង្កាត់បាក់ខែង និងសង្កាត់ជ្រោយចង្វារនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១៕

