ក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) បាននិយាយថា ការដួលរលំរបបរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (បាសា អាល់-អាសាដ) បានបង្ហាញពីភាពទន់ខ្សោយ និងអសមត្ថភាពរបស់រុស្ស៊ី ក្នុងការប្រយុទ្ធ នៅសមរភូមិចំនួន ២។
គួរបញ្ជាក់ថា រុស្ស៊ីបានជួយរដ្ឋាភិបាលរបស់លោក Assad ដោយការវាយប្រហារតាមអាកាសលើគោលដៅរបស់ក្រុមប្រឆាំង គិតចាប់ពីឆ្នាំ២០១៥ មក ហើយបានប្រតិបត្តិការចេញពីមូលដ្ឋានចំនួន ២ នៅលើដែនដីស៊ីរី។ ប៉ុន្តែការលុកលុយអ៊ុយក្រែនរយៈពេល ៣៣ខែរបស់ក្រុងមូស្គូ បានធ្វើឲ្យមានការបាត់បង់ធនធានយោធាយ៉ាងច្រើន។
ក្រសួងការបរទេសអ៊ុយក្រែនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បង្ហាញពីភាពទន់ខ្សោយនៃរបបរបស់លោក (Vladimir) Putin ដែលមិនមានលទ្ធភាពប្រយុទ្ធនៅសមរភូមិចំនួន២ ហើយបានបោះបង់ចោលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ដើម្បីងាកមកយកផល ដោយបន្តលុកលុយលើអ៊ុយក្រែន»។
ប្រទេសរុស្ស៊ីបានឲ្យដឹងនៅមុននេះថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចុះចេញពីតំណែង ហើយបានចាកចេញពីប្រទេសរបស់លោក បន្ទាប់ពីចេញបញ្ជាឲ្យផ្ទេរអំណាច ដោយសន្តិវិធី ប៉ុន្តែមិនបានប្រាប់ថា លោកស្ថិតនៅទីណា ឬថា តើយោធារុស្ស៊ីមានគម្រោងបន្តនៅប្រទេសស៊ីរីទៀតដែរ ឬទេ។
បើយោងតាមអគ្គនាយកដ្ឋានចារកម្ម HUR ដែលបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី នៅប្រទេសស៊ីរី «បានដកនាវាចម្បាំងរបស់ខ្លួនចេញពីមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុង Tartous ដែលលោក Assad បានអនុញ្ញាតឲ្យទីក្រុងមូស្គូប្រើប្រាស់ជាការទូទាត់ សម្រាប់តម្លៃសន្តិសុខរបស់លោក»៕