នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា លោកនឹងមានចំណាត់ការពេលចូលកាន់តំណែងនៅថ្ងៃដំបូងរបស់លោក ដោយការលើកលែងទោសដល់ក្រុមកុបកម្មដែលពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូល (Capitol) ដែលសម្ដីនេះបានបង្កឲ្យមានពីការរំពឹងទុកបន្ថែមទៀត ចំពោះការផ្ដល់ការលើកលែងទោសយ៉ាងទូលំទូលាយ។
តាមរយៈកញ្ចក់ទូរទស្សន៍ NBC News ក្នុងកម្មវិធី «Meet the Press with Kristen Welker» (ជួបជាមួយ Kristen Welker) នៅពេលត្រូវបានសួរពីពេលវេលាដែលលោកគ្រោងនឹងលើកលែងទោសដល់អ្នកគាំទ្ររបស់លោកដែលត្រូវបានចោទប្រកាន់ថា បានវាយប្រហារ ក្នុងគោលបំណងលុបចោលលទ្ធផលបោះឆ្នោត ឆ្នាំ២០២០ ជាពេលដែលលោករងបរាជ័យ លោក Trump បានប្រាប់ថា៖ «ខ្ញុំនឹងមានចំណាត់ការយ៉ាងឆាប់រហ័ស នៅថ្ងៃដំបូង»។
យ៉ាងណាក្ដី លោក Trump បានប្រាប់លោកស្រី Welker ថា អាចមាន «ករណីលើកលែងមួយចំនួន» ចំពោះការលើកលែងទោសរបស់លោក ប្រសិនបើបុគ្គលទាំងនោះ បានធ្វើសកម្មភាព «រ៉ាឌីកាល់» ឬ «គ្មានវិចារណញាណ» ក្នុងអំឡុងពេលនៃការវាយប្រហារនោះ ដែលបានបណ្ដាលឲ្យមន្រ្តីនគរបាលជាង ១៤០នាក់រងរបួស និងនាំឲ្យមានអ្នកស្លាប់ជាច្រើននាក់។
ប៉ុន្តែលោក Trump បានពណ៌នាការកាត់ទោសលើអ្នកគាំទ្ររបស់លោកថា មានអំពើពុករលួយធ្ងន់ធ្ងរ ហើយមិនបានបដិសេធ ចំពោះលើកលែងទោសដល់ចុងចោទជាង ៩០០នាក់ ដែលបានផ្ដល់ចម្លើយពីភាពមានទោសរួចហើយ ក្នុងនោះរួមទាំងអ្នកដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាក្នុងការវាយប្រហារនោះផងដែរ៕