វិហារ Notre Dame ដែលទើបនឹងជួសជុលហើយថ្មីថ្មោង បានស្វាគមន៍មហាជនជាលើកដំបូង កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) ដោយគ្រិស្តសាសនិក បានប្រារព្ធពិធីវិលត្រលប់មកវិញនៃទីកន្លែងគោរពបូជាដ៏ល្បីល្បាញបំផុតរបស់រដ្ឋធានីបារាំង បន្ទាប់ពីពិធីបើកទ្វារដំណើរការឡើងវិញជាប្រវត្តិសាស្ត្រ។
វិមានគួរជាទីស្រឡាញ់របស់ទីក្រុងប៉ារីស ស្ទើរតែត្រូវបានអគ្គិភ័យបំផ្លាញខ្ទេចខ្ទី ក្នុងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានកែលម្អទាំងស្រុងនៅផ្នែកខាងក្នុង ហើយបំពាក់ដោយដំបូល និងកំពូលថ្មី ក្នុងអំឡុងពេលជួសជុលឡើងវិញដ៏គួរឲ្យរំភើបរយៈពេល ៥ឆ្នាំ។
ពិធិសម្ពោធដ៏អធិកអធម កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ដឹកនាំដោយបព្វជិតកាតូលិកជាន់ខ្ពស់ក្រុងប៉ារីស លោក Laurent Ulrich រួមជាមួយបព្វជិត ១៥០រូប និងបូជាចារ្យជាង ១០០នាក់មកពីរដ្ឋធានី ព្រមទាំងប្រធានាធិបតីបារាំងលោក Emmanuel Macron។
នាពេលល្ងាច មនុស្សប្រហែល ២.៥០០នាក់ បានចូលរួមការប្រារព្ធពិធីទី២ និងការបើកជាសាធារណៈលើកដំបូង ដោយមានសំបុត្រឥតគិតថ្លៃដែលអាចរកបាន តាមប្រព័ន្ធអ៊ីនធឺណិត កាលពីសប្តាហ៍មុន។ វិហារនេះនឹងបើកដំណើរការពេញលេញ សម្រាប់ភ្ញៀវទេសចរ នៅថ្ងៃទី១៦ ខែធ្នូ តាមរយៈប្រព័ន្ធកក់តាមអ៊ីនធឺណិត។
អំឡុងកម្មវិធីបើកទ្វារដំណើរការឡើងវិញ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលមានការចូលរួមដោយមេដឹកនាំពិភពលោកជាច្រើនរូប ក្នុងរួមទាំងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ផងដែរ លោក Macron បានសម្តែងនូវ «ការដឹងគុណដល់ប្រជាជាតិបារាំង» សម្រាប់ការងារជុសជុលឡើងវិញ ចាប់តាំងពីឆ្នាំ២០១៩ មក៕