សាលារៀនយ៉ាងហោច ៤០កន្លែង បានទទួលរងរការគំរាមកំហែងដោយគ្រាប់បែកនៅតាមអ៊ីម៉ែលនាថ្ងៃចន្ទនេះ ដោយពួកគេទាមទារប្រាក់ ៣ម៉ឺនដុល្លារ ខណៈក្រុមមន្រ្តីនគរបាល ចុះប្រតិបត្តិការរុករកដំបូងនៅតាមបរិវេនសាលារៀន ។

ក្នុងឆ្នាំនេះ សាលារៀន ស្ថានីយ៍រថភ្លើង និងអាកាសយានដ្ឋាន បានក្លាយជាកម្មវត្ថុនៃការគំរាមកំហែងគ្រាប់បែករាប់រយលើក ដែលក្រោយមកវាគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ ។
ទិន្នន័យរដ្ឋាភិបាល បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាននៅក្នុងប្រទេសឥណ្ឌា ទទួលបានការគំរាមកំហែងគ្រាប់បែកបោកបញ្ឆោត ចាប់ពីដើមឆ្នាំនេះ រហូតដល់ពាក់កណ្តាលខែវិច្ឆិកា មានចំនួន ៩៩៩លើក និងមនុស្ស ១២នាក់ ត្រូវបានចាប់ខ្លួន អំឡុងពេលតែមួយ ។
សាលារៀន ២កន្លែងទទួលបានការគំរាមកំហែងតាមអ៊ីម៉ែលកាលពីយប់ថ្ងៃអាទិត្យថា គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានបង្កប់នៅក្នុងអគារ ហើយនិងត្រូវបំផ្ទុះ បើសិនជាអ្នកផ្ញើរលុយពុំបានបញ្ជូនប្រាក់ ៣ម៉ឺនដុល្លារទេនោះ ។

ដោយឡែក សាលារៀនជាច្រើនទៀត ទទួលបានការផ្ញើរសារតាមអ៊ីម៉ែលនៅព្រឹកថ្ងៃចន្ទនេះ បង្ខំឲ្យក្រុមអាជ្ញាធរសាលារៀន ទូរស័ព្ទហៅឪពុកម្តាយឲ្យមកទទួលយកកូនៗរបស់ពួកគេត្រឡប់ទៅផ្ទះវិញ ។
ឪពុកម្តាយ ត្រូវបានគេមើលឃើញមកទទួលយកកូនៗរបស់ពួកគេ ចេញពីខ្លោងទ្វារសាលារៀន មួយចំនួន ស្របពេលដែលនគរបាល ពិនិត្យមើលបរិវេនសាលារៀន ដើម្បីស្វែងរកវត្ថុសង្ស័យ ។
គួររំឭកថា កាលពីខែឧសភាកន្លងទៅ សាលារៀនជាង ៥០កន្លែងនៅក្នុងទីក្រុងដែល្លី និងតំបន់ជាយក្រុងជិតខាង Noida ទទួលបានការគំរាមកំហែងស្រដៀងគ្នានេះ តាមអ៊ីម៉ែល ដែលក្រោយមក វាគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ ៕
