ប្រធានមន្ទីរពេទ្យ Kamal Adwan ភាគខាងជើងនៃតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជីវិតរបស់អ្នកជំងឺជាង ១០០នាក់ ស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីការផ្គត់ផ្គង់អគ្គិសនី អុកស៊ីហ្សែន និងទឹកត្រូវបានកាត់ផ្តាច់។
លោក Hossam Abu Safiyeh បានលើកឡើងថា ការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីដល់ផ្នែកខ្លះនៃមន្ទីរពេទ្យនោះ។
លោកបានបន្ថែមថា៖«ការដាច់ចរន្តអគ្គិសនី និងទឹក នៅតែបន្ត ហើយយើងសូមអំពាវនាវជាបន្ទាន់ទៅសហគមន៍អន្តរជាតិដើម្បីឲ្យជួយ»។
«ស្ថានភាព គឺគ្រោះថ្នាក់ខ្លាំងណាស់។ យើងមានអ្នកជំងឺនៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង និងអ្នកផ្សេងទៀតកំពុងរង់ចាំការវះកាត់។ ការចូលទៅកាន់បន្ទប់វះកាត់ គឺអាចធ្វើទៅបាន លុះត្រាតែមានចរន្តអគ្គិសនី និងការផ្គត់ផ្គង់អុកស៊ីហ្សែនឡើងវិញ»។