ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យក្រោយក្រុមឧទ្ទាមផ្តួលរំលំរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយដៃគូ និងភាគីរួមចំណែកនៅក្នុងប្រទេសស៊ីរី ដើម្បីចាប់យកឱកាស ដើម្បីគ្រប់គ្រងហានិភ័យ ។
ក្នុងអនុសាសន៍នៅឯសេតវិមាន លោក Bidenនិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រប្រទេសជិតខាងឆ្លងកាត់រយៈពេលអន្តរកាល ហើយនិងវាយតម្លៃពាក្យសម្តី និងសកម្មភាពរបស់ក្រុមឧទ្ទាម ។
លោក Bidenនិយាយទៀតថា សហរដ្ឋអាមេរិកពុំបានដឹងជាផ្លូវការកន្លែងដែលលោក Assad ស្នាក់នៅនោះទេ ប៉ុន្តែពួកគេកត់សំគាល់សេចក្តីរាយការណ៍ថា លោកបានរត់គេចចេញទៅកាន់ទីក្រុងម៉ូស្គូ ។ លោក Assad គួរតែទទួលខុសត្រូវចំពោះបញ្ហាមួយនេះ ។
លោក Bidenនិយាយទៀតថា ស៊ីរីកំពុងស្ថិតក្នុងពេលដ៏មានហានិភ័យ និងពុំច្បាស់លាស់ ហើយវាគឺជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលរុស្ស៊ី ឬអ៊ីរ៉ង់ ឬអង្គការជីវពលហេសបូឡា លែងមានតួនាទីដ៏មានឥទ្ធិពលនៅប្រទេសស៊ីរី ។
លោក Biden បន្តថា កាលពីថ្ងៃអាទិត្យ កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារច្បាស់លាស់រាប់សិបលើកនៅក្នុងប្រទេសស៊ីរី ដោយមានគោលដៅលើជំរំ និងប្រតិបត្តិកររបស់ក្រុមរដ្ឋអ៊ិស្លាម ។
លោកថា ស្របពេលដែលពួកយើងទាំងអស់គ្នា ប្តូរសំនួរថាតើអ្វីនឹងកើតឡើងបន្ទាប់នោះ? សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូនៅក្នុងប្រទេសស៊ីរី ។ ក្រោយរយៈពេល ១៣ឆ្នាំនៃសង្រ្គាមស៊ីវិលស៊ីរី រយៈពេលជាងកន្លះសតវត្សរ៍នៃការគ្រប់គ្រងផ្តាច់ការរបស់លោក Bashar al-Assad និងឪពុករបស់លោក កងកម្លាំងឧទ្ទាម បានបង្ខំឲ្យលោក Assad ចាកចេញពីការិយាល័យរបស់លោក និងរត់ភៀសខ្លួនចេញពីប្រទេស ហើយទីបញ្ចប់ របបរបស់លោក Assad បានដួលរលំ ៕