នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការរឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែន និងបញ្ចៀសប្រទេសលីបង់ពីផលប៉ះពាល់នៃការវិវឌ្ឍនៅប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។
លោក មីកាទី បានពិភាក្សាអំពីស្ថានភាពនៅព្រំដែនស៊ីរី តាមទូរស័ព្ទជាមួយលោកឧត្តមសេនីយ៍ Joseph Aoun ប្រធានកងកម្លាំងប្រដាប់អាវុធ និងប្រធានសន្តិសុខដទៃទៀត។
បច្ចុប្បន្ននេះ លីបង់មានប្រជាជនស៊ីរីប្រហែល ២លាននាក់ ខណៈដែលជាង ៨០០.000នាក់ ត្រូវបានចុះឈ្មោះជាមួយអង្គការសហប្រជាជាតិ។ មនុស្សជាច្រើន បានភៀសខ្លួនចេញពីប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមស៊ីវិល បានចាប់ផ្តើម នៅឆ្នាំ ២០១១។
លោក មីកាទី បានអំពាវនាវដល់ «ប្រជាជនលីបង់ គ្រប់មជ្ឈដ្ឋានទាំងអស់ បង្ហាញពីភាពមានប្រាជ្ញា និងចៀសវាងការបង្កហេតុ ជាពិសេសនៅពេលដ៏លំបាកនេះ សម្រាប់ប្រទេសរបស់យើង»។
លោកបានជំរុញឲ្យមានការទំនាក់ទំនងជាមួយគណៈកម្មការជាតិទទួលបន្ទុកអ្នកបាត់ខ្លួន និងអ្នកបាត់ខ្លួនដោយបង្ខំ នៅក្នុងប្រទេសលីបង់ និងគណៈកម្មាធិការដោះស្រាយបញ្ហាអ្នកជាប់ឃុំលីបង់ នៅក្នុងប្រទេសស៊ីរី។