រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានថ្លែងនៅវេទិកា Doha Forum ថា ប្រទេសរុស្ស៊ី បន្តផ្តល់ជំនួយយោធាដល់ប្រទេសស៊ីរី ចំពេលមានការវិវឌ្ឍនានៅទីនោះ នាពេលបច្ចុប្បន្ន។
លោកបាននិយាយថា៖«រុស្ស៊ីកំពុងផ្តល់ជំនួយយោធា ដល់ប្រទេសស៊ីរី ដោយមានជំនួយពីកងកម្លាំងអាកាសនៅមូលដ្ឋានKhmeimim នៅក្នុងខេត្ត Latakia។ យើងកំពុងជួយយោធាស៊ីរី ទប់ទល់នឹងការវាយប្រហារភេរវកម្ម។
លោក ឡាវរ៉ូវ មិនបានព្យាករពីលទ្ធផលនៃស្ថានការណ៍ នៅក្នុងប្រទេសស៊ីរីទេ។
លោកបានបន្តថា៖«វាពុំមែនជាកិច្ចការរបស់យើង ក្នុងការព្យាករណ៍នោះទេ។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមជ្រុលនិយម Jabhat al-Nusra បានធ្វើការវាយប្រហារដ៏ធំមួយ នៅភាគខាងជើងប្រទេសស៊ីរី។ ទីបញ្ជាការយោធាស៊ីរី ក្រោយមកបាននិយាយថា កងទ័ពត្រូវតែដកថយពីទីក្រុងអាឡិបប៉ូ ដើម្បីប្រមូលផ្តុំឡើងវិញ និងរៀបចំសម្រាប់ការវាយបក។
កាលពីថ្ងៃទី ០៥ ខែធ្នូ ទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធស៊ីរី បានប្រកាសថា ក្រុមសកម្មប្រយុទ្ធ បានលបចូលទៅក្នុងសង្កាត់ជាច្រើននៃទីក្រុង Hama ។ យោងតាមសេចក្តីថ្លែងការណ៍ពីទីបញ្ជាការបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលដែលទទួលបន្ទុកការពារទីក្រុង Hama ត្រូវបានដកចេញពីទីក្រុងនេះ។