មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអ៊ីរ៉ង់បានបើកបណ្តាញទំនាក់ទំនងដោយផ្ទាល់ជាមួយពួកឧទ្ទាម ក្នុងក្រុមមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី គិតចាប់តាំងពីសម្ព័ន្ធមិត្តរបស់ខ្លួន លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាច ជាការប៉ុនប៉ង «ទប់ស្កាត់មាគ៌ាអរិភាព» រវាងប្រទេសទាំង២។
គួរបញ្ជាក់ថា ការវាយរុលទៅមុខយ៉ាងលឿនរហ័សដូចផ្លេកបន្ទោររបស់សម្ព័ន្ធជីវពលដឹកនាំដោយក្រុម Hayat al-Tahrir al-Sham (HTS) ដែលជាអតីតមែកធាងរបស់ក្រុមអាល់កៃដា បានបង្កើតបានជាចំណុចរបត់ដ៏ធំបំផុតមួយ សម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនជំនាន់មកនេះ។ ការដួលរលំរបស់របបលោក Assad បានបំផ្លាញទីតាំងមួយ ដែលអ៊ីរ៉ង់ និងរុស្ស៊ី បានប្រើប្រាស់ជាកន្លែងជះឥទ្ធិពលគ្របលើទូទាំងពិភពអារ៉ាប់។
មន្ត្រីជាន់ខ្ពស់រូបនោះ បាននិយាយថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវប្រឈមនឹងការបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយ នៅទីក្រុងដាម៉ាស និងការវិលត្រលប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញ ក្នុងខែមករា បើកចំហរក្នុងការចូលរួមជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី។ លោកបានបន្តថា៖ «ការចូលរួមនេះ គឺជាគន្លឹះដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពទំនាក់ទំនង និងការបញ្ចៀសកុំឲ្យមានភាពតានតឹងបន្ថែមទៀត ក្នុងតំបន់»៕