ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា គួរតែមានបទឈប់បាញ់បន្ទាន់ ហើយកិច្ចចរចា គួរតែចាប់ផ្តើមនៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកអំពាវនាវឲ្យរុស្ស៊ីធ្វើរឿងនេះ ។
លោក Trumpសរសេរថា អាយុជីវិតមនុស្សជាច្រើន ពុំចាំបាច់ខ្ជះខ្ជាយដល់ម្លឹងពេកនោះទេ គ្រួសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយបើសិនជាវានៅតែបន្ត វាអាចធ្វើឲ្យអ្វីៗកាន់តែធំជាងនេះ និងកាន់តែអាក្រក់ខ្លាំងជាងនេះ ។
លោកថា លោកស្គាល់លោក Vladimir ច្បាស់ ។ នេះគឺជាពេលរបស់គាត់ដែលត្រូវធ្វើរឿងនេះ ។ ចិនអាចជួយបាន ។ ពិភពលោកកំពុងរង់ចាំមើល ។
គួរឲ្យដឹងថា លោក Donald Trump ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy មាននូវជំនួបមួយក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ដោយមេដឹកនាំទាំង ៣ បានជួបជុំគ្នានៅក្នុងពិធីដ៏ធំមួយ ដើម្បីបើកសម្ពោធឡើងវិញព្រះវិហារ Notre-Dame ៕