នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានជំរុញឲ្យមានដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីស្តាឡើងវិញស្ថិរភាព និងសណ្តាប់ធ្លាប់ ក្រោយក្រុមឧទ្ទាមរឹបអូសរដ្ឋធានីដាម៉ាស់ កាលពីចុងសប្តាហ៍កន្លងទៅ និងប្រធានាធិបតីរបស់ពួកគេ រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ។

អំឡុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរវិវត្តចុងក្រោយនៅក្នុងប្រទេសស៊ីរី ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងធ្វើក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋស៊ីរី ។

អ្នកស្រីបន្តថា អនាគត និងជោគវាសនារបស់ស៊ីរី គួរតែសម្រេចចិត្តដោយពលរដ្ឋស៊ីរី ហើយពួកយើងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងស្វែងរកដំណោះស្រាយនយោបាយ ដើម្បីស្តាឡើងវិញស្ថិរភាព និងសណ្តាប់ធ្លាប់ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយផ្អែកលើមូលដ្ឋានទទួលខុសត្រូវ សម្រាប់ផលប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋស៊ីរី ។

កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមឧទ្ទាមស៊ីរី បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកគេបានផ្តួលរំលំលោក Assad លុបបំបាត់ចោលត្រកូលគ្រួសារផ្តាច់ការរយៈពេល ៥០ឆ្នាំមួយនេះ នៅក្នុងការវាយប្រហារដូចផ្លេកបន្ទោរ ធ្វើឲ្យមានទស្សនីយភាពរលកថ្មីនៃអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលញាំញីដោយសារសង្រ្គាមរួចទៅហើយ ។
ការរុលចូលដូចផ្លេកបន្ទោររបស់ក្រុមសម្ព័ន្ធជីវពលដឹកនាំដោយក្រុមឧទ្ទាម Hayat al-Tahrir al-Sham (HTS)គឺជាអតីតសម្ព័ន្ធអាល់កៃដា បានក្លាយជាចំណុចមួយក្នុងចំណោមចំណុចផ្លាស់ប្តូរធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងជំនាន់ជាច្រើនកន្លងមកនេះ ។ ក្រុមឧទ្ទាម HTS ត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មដោយសហរដ្ឋអាមេរិក ទួរគី និងអង្គការសហប្រជាជាតិ(UN) ៕