ទេសរដ្ឋមន្ត្រីអង់គ្លេស លោក Pat McFadden នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បាននិយាយថា ប្រទេសអង់គ្លេសអាចគិតគូរឡើងវិញ ចំពោះបម្រាម ដែលចាត់ទុកក្រុម Hayat Tahrir al-Sham (HTS) ជាអង្គការហាមឃាត់ បន្ទាប់ពីក្រុមនេះ បានដឹកនាំសម្ព័ន្ធឧទ្ទាមស៊ីរីជួយទម្លាក់ប្រធានាធិបតី លោក Bashar al-Assad ពីអំណាច។

នៅពេលត្រូវបានសួរថា តើរដ្ឋាភិបាលអង់គ្លេសនឹងពិនិត្យមើលបម្រាមលើក្រុម HTS ជាថ្មីម្តងទៀតដែរ ឬទេ លោក McFadden បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Sky News ថា៖ «យើងនឹងពិចារណាពីវា។ ហើយខ្ញុំគិតថា វានឹងពឹងផ្អែកមួយផ្នែកលើអ្វីដែលកើតឡើង ពាក់ព័ន្ធទៅនឹងរបៀបដែលក្រុមនោះអនុវត្ត នាពេលនេះ»។

ក្រុម HTS ដែលជាអតីតអង្គភាពមែកធាងរបស់ក្រុមអាល់កៃដា គឺជាអង្គការហាមឃាត់ នៅចក្រភពអង់គ្លេស ដែលមានន័យថា ចក្រភពអង់គ្លេស ក៏ដូចប្រទេសលោកខាងលិចផ្សេងទៀត ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ ចាត់ទុកក្រុមនេះថា ជាក្រុមភេរវករ ដោយការគាំទ្រ ឬចូលរួមជាមួយក្រុមនេះ គឺជាទង្វើខុសច្បាប់។
ហើយក្នុងបទសម្ភាសន៍ជាមួយវិទ្យុ BBC លោក McFadden បានប្រាប់ថា៖ «ខ្ញុំគិតថា វាគួរតែជាការសម្រេចចិត្តដ៏រហ័សគួរសមមួយ ដូច្នេះ វាជាអ្វីដែលនឹងត្រូវពិចារណាឲ្យបានឆាប់បំផុត ដោយសារល្បឿននៃស្ថានភាពជាពិសេស»។

តែយ៉ាងណាក្ដី លោក McFadden ដែលជាសមាជិកជាន់ខ្ពស់នៃខុទ្ទកាល័យរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា គ្មានការសម្រេចចិត្តណាមួយលើក្រុម HTS ត្រូវបានធ្វើឡើងនោះទេ នៅចុងសប្តាហ៍នេះ បន្ទាប់ពីក្រុមឧទ្ទាមដឹកនាំដោយក្រុមនេះ បានដណ្តើមយករដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ហើយលោក al-Assad បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី៕