ចិននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងការពារអធិបតេយ្យភាពជាតិ និងមរណភាពទឹកដី ជាការឆ្លើយនឹងការបង្កើនការប្រុងប្រយ័ត្នរបស់កោះតៃវ៉ាន់ចំពោះការដាក់ពង្រាយកងនាវាទ័ពជើងទឹកទ្រង់ទ្រាយធំរបស់ចិននៅក្នុងតំបន់ ។
កោះតៃវ៉ាន់បង្កើនកម្រិតប្រុងប្រយ័ត្ននៅថ្ងៃចន្ទនេះ ដោយពួកគេនិយាយថា ចិនបានបង្កើតតំបន់អាកាសបម្រុងចំនួន ៧ និងដាក់ពង្រាយកងនាវាទ័ពជើងទឹក និងនាវាឆ្មាំល្បាតឆ្នេរ ដែលប្រភពសន្តិសុខចាត់ទុកថាជាការសមយុទ្ធយោធាលើកដំបូងនៅទូទាំងតំបន់នៃដែនទឹកមួយនេះ ។
មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់កោះតៃវ៉ាន់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បច្ចុប្បន្នចិនមាននាវាកងទ័ពជើងទឹក និងឆ្មាំល្បាតឆ្នេរជិត ៩០គ្រឿង នៅជិតកោះតៃវ៉ាន់ ភាគខាងត្បូងកោះជប៉ុន សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ក្នុងនោះប្រហែល ២ ភាគ៣ គឺជានាវាកងទ័ពជើងទឹក ។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា គ្មានក្រសួងការពារជាតិនៅកោះតៃវ៉ាន់នោះទេ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃដែនដីរបស់ចិន ។
អ្នកស្រីបន្តថា សំនួរពីកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិននឹងការពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ៕


