រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បាននិយាយថា ប្រទេសទួរគីនឹងធ្វើការ សម្រាប់ការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្តរបស់ជនអន្តោប្រវេសន៍ស៊ីរីដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ហើយនឹងជួយកសាងប្រទេសស៊ីរីឡើងវិញ បន្ទាប់ពីប្រធានាធិបតី លោក Bashar al-Assad ត្រូវបានទម្លាក់ពីតំណែងយ៉ាងលឿនរហ័ស ដោយក្រុមឧទ្ទាម។

ជាចំណុចរបត់ដ៏ធំបំផុតមួយ សម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈកាលជាច្រើនជំនាន់មកហើយនោះ ក្រុមឧទ្ទាមបានដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ហើយលោក Assad បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីមានសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ និងការគ្រប់គ្រងដ៏ឃោរឃៅរបស់គ្រួសារលោកជាង ៥០ឆ្នាំ។

អមដោយការនិយាយថា ខ្លួនមិនបានផ្ដល់ជំនួយ និងមិនបានចូលរួម ក្នុងការវាយប្រហារដោយកងកម្លាំងប្រឆាំងស៊ីរី ដែលខ្លួនបានគាំទ្រអស់ជាច្រើនឆ្នាំប្រឆាំងនឹងលោក Assad នោះ ទួរគីបានប្រាប់ឲ្យដឹងថា ខ្លួនចង់ឲ្យរដ្ឋបាលស៊ីរីថ្មីរួមបញ្ចូល និងដើម្បីឲ្យប្រជាជនស៊ីរីកំណត់អនាគតរបស់ពួកគេ។

ក្នុងសុន្ទរកថាទៅកាន់សន្និសីទឯកអគ្គរដ្ឋទូតទួរគី នៅទីក្រុងអង់ការ៉ា លោក Fidan បានប្រាប់ថា ប្រទេសទួរគីបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់ការកសាងឡើងវិញរបស់ប្រទេសស៊ីរី ហើយថា ខ្លួនកំពុងសម្របសម្រួលជាមួយ «តួអង្គ ក្នុងតំបន់ និងភាគីទាំងអស់»។ លោកបាននិយាយថា៖ «យើងនឹងបន្តការងាររបស់យើង ដើម្បីធានាឲ្យមានការវិលត្រលប់ទៅវិញប្រកបដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្តរបស់ប្រជាជនស៊ីរី ហើយគាំទ្រដល់ការកសាងប្រទេសឡើងវិញ»។
គួរបញ្ជាក់ថា ប្រទេសសមាជិកអង្គការណាតូ គឺទួរគីនេះ មានជនអន្តោប្រវេសន៍ និងជនភៀសខ្លួនស៊ីរីប្រមាណ ៣លាននាក់ ដោយធ្វើឲ្យប្រទេសនេះក្លាយជាទីកន្លែងស្នាក់នៅដ៏ធំបំផុតរបស់ប្រជាជនស៊ីរី ដែលបានភៀសខ្លួនចេញពីសង្គ្រាមស៊ីវិល៕