បេសកជន នៅតំបន់មជ្ឈិមបូព៌ារបស់លោក Donald Trump នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់នេះ បានព្រមានថា វានឹង «មិនមែនជាថ្ងៃដ៏ស្រស់បំព្រងនោះទេ» ប្រសិនបើចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា មិនត្រូវបានដោះលែងនៅមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។
លោក Steve Witkoff ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅពេលដែលរដ្ឋបាលរបស់លោក Trump ចាប់ផ្តើមចេញដំណើរ បាននិយាយថា លោកបានសង្ឃឹម និងបានអធិដ្ឋានថា នឹងមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល មុនពេលលោក Trump ចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។
ដោយសំដៅទៅលោក Trump លោក Witkoff បានប្រាប់ថា៖ «អ្នកបានឮនូវហើយអ្វីដែលប្រធានាធិបតីបាននិយាយ។ ពួកគេគួរត្រូវបានដោះលែង»។ ជាការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្រៅសន្និសីទប៊ីតខន (Bitcoin) ក្នុងរដ្ឋធានី Abu Dhabi របស់ប្រទេសអារ៉ាប់រួម (UAE) លោកបានបញ្ជាក់បន្ថែមថា៖ «ចូរស្តាប់នូវអ្វីដែលលោកប្រធានាធិបតីបាននិយាយ។ វាមិនមែនជាថ្ងៃដ៏ស្រស់បំព្រងនោះទេ ប្រសិនបើពួកគេមិនត្រូវបានដោះលែង»។
គួររំលឹកថា តាមរយៈបណ្ដាញសង្គម កាលពីសប្តាហ៍មុន ប្រធានាធិបតីជាប់ឆ្នោត លោក Trump បានលើកឡើងថា នឹងមាន «មានផលវិបាកយ៉ាងធ្ងន់ធ្ងរ» ប្រសិនបើចំណាប់ថ្នូរមិនត្រូវបានដោះលែង នៅមុនពេលការចូលកាន់តំណែងរបស់លោក។
គួរបញ្ជាក់ថា បើយោងតាមអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់ ក្នុងនោះរួមមានទាំងជនជាតិអាមេរិក ២នាក់ អំឡុងការវាយប្រហាររបស់ពួកគេ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល ។ ចំណាប់ថ្នូរជាង ១០០នាក់ ត្រូវបានដោះលែងតាមរយៈការចរចា ឬប្រតិបត្តិការជួយសង្គ្រោះពីយោធាអ៊ីស្រាអែល។ ក្នុងចំណោមនោះ ១០១នាក់ នៅតែជាប់ឃុំខ្លួន ក្នុងតំបន់ហ្កាហ្សា ដោយប្រហែលពាក់កណ្តាលត្រូវបានជឿថា នៅមានជីវិត៕