ភ្នំភ្លើងមួយ នៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើង នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) ដោយបានបញ្ជូនសំណុំផេះយ៉ាងដ៏ធំក្រាស់ឃ្មឹកបាញ់ឡើងទៅលើមេឃ ខណៈរដ្ឋាភិបាលអំពាវនាវឲ្យមានការជម្លៀសចេញពីភូមិនានា ដែលនៅជុំវិញ។
ដោយមានកម្ពស់ខ្ពស់ជាង ២.៤០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅភាគកណ្តាលកោះ Negros ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ នៅប្រទេសហ្វីលីពីន។
វិទ្យាស្ថានផ្នែកភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្ទុះដ៏ខ្លាំង បានកើតឡើងនៅលើកំពូលភ្នំភ្លើង Kanlaon វេលាម៉ោង ៣:០៣នាទីរសៀលថ្ងៃនេះ»។ វិទ្យាស្ថាននេះ បានបន្ថែមថា អង្គភាពរដ្ឋាភិបាលទាំងអស់ ក្នុងតំបន់ ត្រូវបានណែនាំឲ្យជម្លៀសចេញក្នុងរង្វង់ចម្ងាយ ៦គីឡូម៉ែត្រពីលើកំពូលភ្នំភ្លើង ហើយត្រូវតែត្រៀមខ្លួន សម្រាប់ការជម្លៀសបន្ថែម ប្រសិនបើស្ថានភាពតម្រូវ»។
មន្ត្រីនគរបាលក្រុង លោកពលបាល Ronel Arevalo បានប្រាប់សារព័ត៌មាន AFP ថា «ការជម្លៀសកំពុងបន្តមាន» នៅក្នុងភូមិតំបន់ខ្ពង់រាបចំនួន ៤ នៃទីប្រជុំជន La Castellana នៅតំបន់ភ្នំភាគនិរតីរបស់ភ្នំភ្លើងនេះ ដោយលោកបានបន្ថែមថា លោកមិនមានតួលេខអ្នកស្រុកសរុបដែលត្រូវជម្លៀសនោះទេ៕