ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃចន្ទ (ទី៩ ខែធ្នូ) នេះ បានបង្ហាញគំនិតអំពីការដាក់ពង្រាយកងទ័ពបរទេស នៅប្រទេសអ៊ុយក្រែនដែលកំពុងរងគ្រោះដោយសង្គ្រាម រហូតដល់ប្រទេសនេះបានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ (NATO)។
លោកបានលើកឡើងបែបនេះ អំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួម នៅទីក្រុងគីវ ជាមួយមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ លោក Friedrich Merz ខណៈដែលការវិលត្រឡប់នាពេលខាងមុខរបស់លោក Donald Trump ទៅអង្គុយកៅអីសេតវិមាន បង្កើនឲ្យមានការពិភាក្សាកាន់តែខ្លាំងឡើងៗ អំពីកិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេល ៣៣ខែរបស់រុស្ស៊ី។
អ៊ុយក្រែនដែលបានធ្វើការជំរុញយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការអញ្ជើញឲ្យចូលរួមជាមួយអង្គការណាតូ បានទទូចពេញមួយសង្រ្គាមនេះថា ខ្លួនត្រូវការការធានាសន្តិសុខ ដើម្បីការពាររុស្ស៊ីកុំឲ្យបើកការលុកលុយមួយផ្សេងទៀត បន្ទាប់ពីអរិភាពបច្ចុប្បន្ន ត្រូវបានបញ្ឈប់។
លោក Zelenskiy បាននិយាយថា៖ «ទាហានជំនួយមកពីប្រទេសមួយ ឬប្រទេសមួយផ្សេងទៀត អាចមានវត្តមានក្នុងប្រទេសអ៊ុយក្រែន ដរាបណាកងទាហាននោះមិនមែនជាផ្នែកនៃអង្គការណាតូ។ ប៉ុន្តែសម្រាប់រឿងនេះ យើងត្រូវយល់ឲ្យបានច្បាស់ អំពីពេលដែលអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប និងនៅពេលដែលក្លាយជាសមាជិករបស់អង្គការណាតូ»។
គួររំលឹកថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្កឲ្យមានភាពចម្រូងចម្រាស នៅតំបន់អឺរ៉ុប កាលពីខែកុម្ភៈ នៅពេលដែលលោកបានលើកឡើងពីលទ្ធភាពនៃបណ្តាប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ទោះបីជាលោកបានព្រមានថា មិនមានការឯកភាពគ្នាលើបញ្ហានេះក៏ដោយ។
លោក Zelenskiy បានបញ្ជាក់ថា៖ «ទោះបីជាយើងទទួលបានការអញ្ជើញ (ចូលអង្គការណាតូ) តើមានអ្វីកើតឡើង? តើអ្នកណាធានាសុវត្ថិភាពរបស់យើង? យើងអាចគិតអំពីរឿងនោះ ហើយធ្វើការលើសំណើរបស់លោក Emmanuel Macron»៕