ជនប៉ាឡេស្ទីនយ៉ាងហោច ២២នាក់ រួមទាំងស្រ្តី និងកុមារផងដែរនោះ ត្រូវបានសម្លាប់ ក្រោយអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាស និងយានដ្រូននៅទូទាំងតំបន់ហ្កាហ្សា ក្នុងនោះការដាច់ចរន្តអគ្គិសនី បានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺជាង ១០០នាក់ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅភាគខាងជើងតំបន់បិទច្រកមួយនេះ ។
ប្រភពព័ត៌មាន បាននិយាយប្រាប់កាសែត Al Jazeera ថា នៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Jabalia ភាគខាងជើងតំបន់ហ្កាហ្សានៅព្រឹកថ្ងៃចន្ទនេះ មនុស្ស ៣នាក់ ក្លាយជាគោលដៅវាយប្រហារដោយយានដ្រូន ដោយបានសម្លាប់ពួកគេទាំងអស់ ។
លោក Hani Mahmoud គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera បានរាយការណ៍ពីតំបន់ភាគកណ្តាល Deir el-Balah ថា ជនរងគ្រោះព្យាយាមចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកចំណីអាហារនៅក្បែរៗនោះ ពេលដែលពួកគេក្លាយជាគោលដៅវាយប្រហាររបស់យានដ្រូន ។
លោកបន្តថា ពួកគេទាំង ៣នាក់ ត្រូវបានសម្លាប់ភ្លាមៗតែម្តង ។ សាកសពរបស់ពួកគេនៅលើផ្លូវ ហើយគ្មាននរណាម្នាក់អាចទៅកន្លែងទម្លាក់គ្រាប់បែកនោះបានឡើយ ដើម្បីយកសាកសពចេញពីផ្លូវ ។
សូមបញ្ជាក់ថា ជំរំ Jabalia ស្ថិតក្រោមការឡោមព័ទ្ធរបស់កងកម្លាំងអ៊ីស្រាអែល អស់រយៈពេល ៦៥ថ្ងៃមកហើយ ក្នុងនោះជនប៉ាឡេស្ទីនរាប់ម៉ឺន ត្រូវបានបដិសេធន៍មិនឲ្យទទួលបានការផ្គត់ផ្គង់ចំណីអាហារ និងទឹកស្អាត ធ្វើឲ្យពួកគេភាគច្រើនត្រូវអត់ឃ្លាន ៕