នៅថ្ងៃចន្ទនេះ ប្រធានក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) បានអំពាវនាវឲ្យមានការទទួលខុសត្រូវសម្រាប់ជនល្មើសប្រព្រឹត្តអំពើឃោឃៅ ក្រោមរបបត្រូវបានផ្តួលរំលំរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad ហើយលោកនិយាយថា មាននូវឱកាសដ៏ធំធេងមួយសម្រាប់ផ្លាស់ប្តូរនយោបាយរួម ។
នៅថ្ងៃចន្ទនេះ ពលរដ្ឋស៊ីរីភ្ញាក់ឡើងជាមួយនឹងក្តីសង្ឃឹម បើទោះជាអនាគតមិនទាន់ច្បាស់លាស់ ក្រោយក្រុមឧទ្ទាមរឹបអូសរដ្ឋធានីដាម៉ាស់ ហើយលោក Assad រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ និងការគ្រប់គ្រងដ៏ឃោឃៅអស់រយៈពេលជាងកន្លះសតវត្សរ៍របស់គ្រួសារលោក ។
លោក Volker Turk គឺជាឧត្តមស្នងការសិទ្ធិមនុស្សរបស់ UN បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា រាល់ការផ្លាស់ប្តូរនយោបាយណាមួយ ត្រូវតែធានាដល់ការទទួលខុសត្រូវសម្រាប់ជនល្មើសបំពានធ្ងន់ធ្ងរ និងធានាថា អ្នកដែលទទួលខុសត្រូវ ត្រូវតែបូករួម ហើយលោកបានអំពាវនាវឲ្យរក្សាទុកភស្តុតាងច្បាស់លាស់ផងដែរ ។
ពេលសួរបញ្ជាក់ថាតើអ្នកទទួលខុសត្រូវទាំងនោះ រួមទាំងប្រធានាធិបតីទម្លាក់ចេញពីតំណែងដែរឬ? លោកនិយាយថា អ្វីត្រូវការកើតឡើងនៅប្រទេសស៊ីរីខ្លួនឯង គឺត្រូវបង្កើតប្រព័ន្ធច្បាប់ក្នុងស្រុកដែលអនុញ្ញាតឲ្យមានការកាត់ក្តីដ៏យុត្តិធម៌ត្រឹមត្រូវ ពាក់ព័ន្ធនឹងអ្នកទាំងអស់នោះដែលជឿថា បានប្រព្រឹត្តឧក្រឹដ្ឋកម្មដ៏ឃោឃៅ ។
ការិយាល័យរបស់លោក Turk បានបង្ហាញពីការបាត់ខ្លួនមនុស្សជាង ១០ម៉ឺននាក់ អំឡុងសង្រ្គាមស៊ីវិលស៊ីរី ហើយនិងការប្រើប្រាស់ទារុណកម្មធ្ងន់ធ្ងរ ក៏ដូចជាអាវុធគីមី ។
បច្ចុប្បន្នស៊ីរី មិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ បើទោះបីជារដ្ឋាភិបាលថ្មី អាចចូលរួមជាមួយពួកគេក៏ដោយ ៕