ភ្នំពេញ ៖ កម្ពុជារៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយបច្ចេកវិទ្យា E-beam និង X-ray ដែលជាប្រព័ន្ធពហុបំណង ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះជួយដល់វិស័យឧស្សាហកម្ម ការពង្រឹងដល់ប្រព័ន្ធសន្តិ- សុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខា សាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam (អីបីម) និង X-ray (អេចសារ៉េ) នៅកម្ពុជា នៅថ្ងៃទី ៩ ខែ ធ្នូ នេះថា បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យ ជាច្រើន ហើយពិតណាស់ការប្រើប្រាស់ទាំងអស់ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ, មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍ វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ ដោយបច្ចេកវិទ្យាទាំងនេះមាន សក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។
ឯកឧត្តម បន្តថា ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយ នៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខា សាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះសិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដែលមានមេត្រីភាព បរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដែលកាន់តែមានសភាពធ្ងន់ធ្ងរ។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្ម ចំណីអាហារ ដើម្បីធានា ដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹង ស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពចំណី អាហាររបស់យើង។ នេះគឺជាជំហានដំបូងហើយ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ ជាមួយការិយាល័យប្រចាំតំបន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួង ថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើន ការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណង ដោយ បច្ចេកវិទ្យា E-beam និង X-ray នេះនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី





