កំពត ៖តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព(SCMF) បានធ្វើឱ្យប្រជាសហគមន៍ត្រពាំងសង្កែមានជីវភាពធូធារជាងមុន តាមរយៈទទួលបានជំនាញ និងចំណេះដឹងថ្មីៗ។
ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅខេត្តកំពត នៅល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤ បានប្រាប់BTVឱ្យដឹងថា បច្ចុប្បន្នជីវភាពរស់នៅរបស់ពួកគេធូធារជាងមុន បន្ទាប់ពីសហគមន៍ទទួលបានការជ្រោមជ្រែងពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។ ពលរដ្ឋបន្តថា តាមរយៈគម្រោងនេះ ពួកគេទទួលបានចំណេះដឹងថ្មីៗ ពីរបៀបផ្តល់សេវាកម្មទេសចរណ៍ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលនេសាទជាដើុំ ។
ក្នុងពេលអញ្ជើញទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) មានប្រសាសន៍ថា ការពិតទៅ គម្រោង SCMF មានលក្ខណៈពិសេសណាស់ សម្រាប់ADB ដោយសារយុទ្ធសាស្រ្ត៥ឆ្នាំទៀតរបស់ ADB ផ្តោតទៅលើ៣ចំណុចរួមមាន៖ទី១.វិបុលភាព ទី២.ប្រជាពលរដ្ឋ និងទី៣.ភពផែនដី។ លើសពីនេះ លោកស្រីបន្តថា មូលហេតុដែលគម្រោង SCMF ជ្រើសរើសយកសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែសម្រាប់អនុវត្តគម្រោង ព្រោះសហគមន៍នេះ កន្លងទៅទទួលបានជោគជ័យ នឹងចង់ជួយឱ្យសហគមន៍នេះកាន់តែជោគជ័យបន្ថែមទៀត តាមរយៈការផ្តល់ជំនាញ និងចំណេះដឹង និងជាគំរូដល់សហគមន៍ដដៃទៀត។
លោកបណ្ឌិត ខូវ គួង អគ្គនាយករងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រ គម្រោង SCMF បានកំណត់អនុវត្តសកម្មភាពក្នុងសមាគមសហគមន៍នេសាទចំនួន ២៥ និងតំបន់ការពារសហគមន៍ចំនួន ១៥ ដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។លើសពីនេះ លោកបណ្ឌិត បានអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលតែងតែ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរដ្ឋបាលជលផល។
គួរបញ្ជាក់ដែរថា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) បានចាប់អនុវត្តពីខែធ្នូ ឆ្នាំ ២០២២ រហូតដល់ខែសីហា ឆ្នាំ ២០២៩ ដោយប្រើប្រាស់កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារពីធនាគារADB ក្នុងនោះ ៥១ លានដុល្លារជាប្រាក់កម្ចី និង ២២ លានដុល្លារជាជំនួយឥតសំណង និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ២0 លានដុល្លារ។ អត្ថបទ៖ទូច សោភ័ណ







