នាយករដ្ឋមន្ត្រីស៊ីរី លោក មហាម៉ាដ ហ្សាស៊ី ចាឡាលី (Mohammad Ghazi Jalali) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកបានយល់ព្រមប្រគល់អំណាចទៅឱ្យ "រដ្ឋាភិបាលសង្គ្រោះស៊ីរី" (SSG) ខណៈមេដឹកនាំប្រឆាំងលោក មហាម៉ាដ អាល់-បាសៀរ(Muhammad al-Bashir) ត្រូវបានទទួលភារកិច្ចបង្កើតរដ្ឋាភិបាលស៊ីរីថ្មី។

សារព័ត៌មាន Sawt al-Asima បានរាយការណ៍ថា លោកមហាម៉ាដ អាល់-បាសៀរ កើតក្នុងឆ្នាំ១៩៨៣ និងជាវិស្វករអគ្គិសនី និងជាប្រធាន"រដ្ឋាភិបាលសង្គ្រោះស៊ីរី" នៅទីក្រុង អ៊ីតលីប (Idlib) ក្រោមការដឹកនាំរបស់ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយបន្ទាប់ពីការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bashar al-Assad កាលពីថ្ងៃអាទិត្យ៩ ធ្នូ ចុងសប្ដាហ៍នេះ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្រាមជ្រុលនិយម HTS និងក្រុមប្រឆាំងស៊ីរីផ្សេងទៀត ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលស៊ីរី "រដ្ឋាភិបាលសង្គ្រោះស៊ីរី"បានកាន់កាប់អាជ្ញាធររដ្ឋបាល និងសេវាកម្មនៅក្នុងតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម HTS ក្នុងប្រទេសស៊ីរី។

ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមឧទ្ទាម HTS បានសម្រុកវាយលុកដ៏ខ្លាំងក្លាពីភាគខាងជើងប្រទេសស៊ីរីចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះមក បានវាយលុកទៅភាគខាងត្បូងតាមតំបន់កាន់កាប់ដោយរដ្ឋាភិបាល ដោយដណ្តើមយកបានរដ្ឋធានី ដាម៉ាស់ (Damascus) ក្នុងរយៈពេល១២ថ្ងៃតែប៉ុណ្ណោះ៕