ភ្នំពេញ៖ លោក ដេវីដ ប៉ូយដ៍ David.Boyd អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និងបរិស្ថាន បានសម្តែងការកោតសរសើរកម្ពុជា ដែលបានលើកកម្ពស់សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព និងអនាម័យ និងប្រកបដោយចរីភាព ដែលនេះជាគំរូជំរុញឲ្យប្រទេសដ៏ទៃដោះស្រាយវិបត្តិបរិស្ថានពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិចុះថ្ងៃទី២៧ ខែតុលាម្សិលមិញនេះ ក្នុងកិច្ចសន្ទនាអន្តរកម្មរបស់គណៈកម្មាធិការទី៣ នៃសម័យប្រជុំលើកទី៧៥នៃមហាសន្និបាតអង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស និងបរិស្ថាន លោក ដេវីដ ប៉ូយដ៍ បានលើកសរសើររដ្ឋ សមាជិកអង្គសហប្រជាជាតិ រួមទាំងកម្ពុជាផង ចំពោះការចាត់វិធានការលើកកម្ពស់សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព ក្នុងនោះ លោក ដេវីដ ប៉ូយដ៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគំរូ ដែលជាការជំរុញឲ្យប្រទេសដ៏ទៃទៀតដោះស្រាយវិបត្តិបរិស្ថានពិភពលោក។
អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស និងបរិស្ថាន រូបនេះបានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានដាក់បញ្ជូលគំរូរបស់កម្ពុជាទៅក្នុងឧបសម្ពន្ធ នៃរបាយការណ៍ពិសេសស្តីពីបញ្ហានៃកាតព្វកិច្ចសិទ្ធិមនុស្ស ពាក់ព័ន្ធដល់ការរីករាយក្នុងការទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចិរភាព។
ជាមួយគ្នានេះ អ្នករាយការណ៍ពិសេស រូបនេះបានបញ្ជាក់ទៀតថា កម្ពុជាបានអនុលោមតាមកំណែទម្រង់អភិបាលកិច្ចបរិស្ថានសម្រាប់កម្មវិធីការអភិវឌ្ឍប្រកបដោយចិរភាព រួមមាន តំបន់ព្រៃឈើមួយចំនួនធំត្រូវបានដាក់ជាតំបន់ការពារ ហើយតំបន់សម្រាប់អភិរក្សជីវចម្រុះត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈប្រព័ន្ធតំបន់ការពាររបស់កម្ពុជានាពេលបច្ចុប្បន្នគ្របដណ្តប់លើផ្ទៃដី៣៩ភាគរយនៃផ្ទៃប្រទេស។
នៅក្នុងបទអន្តរាគមន៍ នៃកិច្ចសន្ទនាខាងលើនេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា កម្ពុជាជាអ្នកគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងបានប្ដេជ្ញាយ៉ាងមុតមាំ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិនានា រួមទាំងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការបារប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមព្រមទាំងការធ្វើឲ្យប្រសើរឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបន្ថែមថា ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចិរភាព គឺជាសមាសភាពចម្បងមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារពាក់ព័ន្ធអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តបណ្តាវិធានការដោះស្រាយ ដែលរក្សាធនធានធម្មជាតិរបស់ខ្លួន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមប្រជាជនកម្ពុជាទាំងអស់ ជាពិសេសដល់ប្រជាជនទទួលរងគ្រោះ៕
អត្ថបទ៖ សេក ឧត្តម
