រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក ហ្គី ដុន សា (Gideon Saar) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា អ៊ីស្រាអែល មានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ស្របពេលមានរបាយការណ៍ថាក្រុមហាម៉ាស បានស្នើសុំបញ្ជីឈ្មោះចំណាប់ខ្មាំងទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួន ដោយក្រុមសកម្មប្រយុទ្ធនេះក្នុងដែនដីប៉ាឡេស្ទីន។

លោកបាននិយាយថា ការចរចាដោយប្រយោលកំពុងដំណើរការអំពីការវិលត្រឡប់របស់ចំណាប់ខ្មាំងប្រហែល ១០០នាក់ ហើយថា ខណៈមិនទាន់ហានប្រាកដច្បាស់លឿនពេក ការរំពឹងទុកមានការរីកចម្រើនច្រើន។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមថាយើងអាចមានសុទិដ្ឋិនិយមជាងពេលមុនៗប៉ុន្តែយើងមិនទាន់ច្បាស់ទេ។ ខ្ញុំសង្ឃឹមថាយើងនឹងឈានដល់ចំណុចនោះ ដោយបញ្ជាក់ឡើងវិញពីគោលជំហររបស់អ៊ីស្រាអែលថា ចំណាប់ខ្មាំងដែលនៅតែឃុំខ្លួននៅតំបន់ហ្កាហ្សាត្រូវតែត្រលប់មកវិញ មុនពេលអ៊ីស្រាអែលយល់ព្រមបញ្ចប់ការប្រយុទ្ធគ្នា។

លោកបានបន្តថានឹងមិនមានបទឈប់បាញ់នៅហ្កាហ្សាដោយគ្មានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនោះទេ។
កាលពីយប់ថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់សន្និសីទសារព័ត៌មានថា ភាពឯកោកាន់តែខ្លាំងរបស់ក្រុមហាម៉ាស បន្ទាប់ពីការដួលរលំរបបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad អាចបើកទ្វារដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ប៉ុន្តែវាលឿនពេកក្នុងការនិយាយថាកិច្ចខិតខំប្រឹងប្រែងនឹងទទួលបានជោគជ័យ៕