ប្រធានាធិបតី លោក Volodymyr Zelenskyy បានស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានលើកឡើងពីគំនិតនៃកងទ័ពបរទេសដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក រហូតដល់ខ្លួនអាចចូលជាសមាជិកសម្ព័ន្ធមិត្តយោធាណាតូ។

ការថ្លែងលើកឡើងរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ លោក Friedrich Merz គឺជាសញ្ញាចុងក្រោយដើម្បីបង្ហាញការបើកចំហរកាន់តែខ្លាំងឡើងរបស់ទីក្រុងគីវ ចំពោះការចរចាសង្រ្គាម ខណៈលោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានត្រៀមវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅថ្ងៃទី២០ ខែមករា។

លោក Donald Trump ជាអ្នកដែលបាននិយាយថា លោកមានបំណងបញ្ចប់សង្រ្គាមឲ្យបានឆាប់ ដោយអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់បទឈប់បាញ់និងការចរចាបន្ទាន់ដើម្បីបញ្ចប់ «ភាពល្ងង់ខ្លៅ» បន្ទាប់ពីលោកបានជួបជាមួយ លោក Zelenskyy និងប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់កិច្ចពិភាក្សា នៅទីក្រុងប៉ារីស។
លោក Zelenskyy បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគីវ កាលពីថ្ងៃច័ន្ទថា «អ៊ុយក្រែនមានបំណងឱ្យសង្រ្គាមនេះបញ្ចប់ ច្រើនជាងអ្នកដទៃ។ គ្មានមន្ទិលសង្ស័យនោះទេ ដំណោះស្រាយផ្នែកការទូតនឹងជួយសង្គ្រោះជីវិតមនុស្សកាន់តែច្រើន។
លោក Zelenskyy បាននិយាយថា លោកបានប្រាប់លោកTrump និងលោក Emmanuel Macron ថា លោកមិនជឿនោះទេថា លោកPutin ពិតជាចង់បញ្ចប់សង្រ្គាម ហើយប្រធានាធិបតីរុស្ស៊ីរូបនេះ ត្រូវបង្ខំឱ្យបង្កើតសន្តិភាពនោះ។