ក្រុមហ៊ុនTikTok និងក្រុមហ៊ុនByteDanceដែលជាម្ចាស់ មានមូលដ្ឋាននៅប្រទេសចិន បានស្នើសុំតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក រារាំងជាបណ្តោះអាសន្ននូវច្បាប់ដែលនឹងបង្ខំឱ្យមានការលក់កម្មវិធីវីដេអូខ្លីនៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ បើមិនដូច្នេះត្រូវប្រឈមការហាមឃាត់ ដែលពុំធ្លាប់មានពីមុនមក។

ក្រុមហ៊ុនទាំងនេះ បានដាក់ញត្តិបន្ទាន់មួយទៅកាន់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក ដោយរង់ចាំការពិនិត្យឡើងវិញដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន គណៈកម្មការក្រុមចៅក្រម៣រូបនៃតុលាការឧទ្ធរណ៍ បានតម្កល់ច្បាប់នេះ ដោយធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់កម្មវិធី ដែលត្រូវបានប្រើប្រាស់ដោយពលរដ្ឋអាមេរិកចំនួន១៧០លាននាក់។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា សាលាឧទ្ធរណ៍នឹងតែបដិសេធភ្លាមៗនូវសំណើនេះ ហើយក្រុមហ៊ុន TikTok បានស្នើសុំសេចក្តីសម្រេចលើសំណើនេះនៅត្រឹមថ្ងៃទី១៦ ខែធ្នូ។

ច្បាប់ដែលបង្ខំឱ្យមានការលក់ ឬការដាក់បម្រាមលើក្រុមហ៊ុន Tiktok ត្រូវបានជំរុញដោយការព្រួយបារម្ភយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកសភាសហរដ្ឋអាមេរិកថា ប្រទេសចិន អាចចូលប្រើប្រាស់ទិន្នន័យរបស់ពលរដ្ឋអាមេរិក ។ ប៉ុន្តែ ក្រុមហ៊ុន TikTok បានបដិសេធថា ក្រុមហ៊ុនពុំដែល ឬធ្លាប់បានចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក នោះទេ។
ក្រុមហ៊ុន TikTok និងក្រុមហ៊ុន ByteDance បានចាត់ទុកច្បាប់នេះថាមិនស្របតាមរដ្ឋធម្មនុញ្ញ និងជាការរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋអាមេរិក។