បាល់ទាត់៖ សាលាតម្រង់ទិសបាល់ទាត់ខេត្តរតនគិរីបានប្រកាសជ្រើសរើសកីឡាករ ២កម្រិតអាស៊ីដើម្បីចូលរួមហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់យុវជននារដូវកាលថ្មី នាពេលឆាប់ៗខាងមុខគឺកីឡាករអាយុក្រោម ១៣ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ។ យោងតាមការជូនដំណឹងរបស់សាលាតម្រង់ទិសបាល់ទាត់ខេត្តឆ្ងាយជាងគេពីរាជធានីភ្នំពេញនេះ សម្រាប់ការជ្រើសរើសកីឡាករអាយុក្រោម ១៣ឆ្នាំត្រូវមានឆ្នាំកំណើតចន្លោះឆ្នាំ២០០៨-២០០៩ ឡើងទៅ និងកីឡាករអាយុក្រោម ១៨ឆ្នាំត្រូវមានឆ្នាំកំណើតចន្លោះឆ្នាំ២០០៣-២០០៤ ឡើងទៅ ហើយការជ្រើសរើសនេះនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

តាមការបញ្ជាក់ដដែល ការជ្រើសរើសនេះគឺដើម្បីចូលរួមហ្វឹកហាត់ និងត្រៀមលក្ខណៈចូលរួមប្រកួតពានរង្វាន់យុវជនរដូវកាលថ្មី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលឆាប់ៗខាងមុខ ហើយក៏ជាឱកាសសម្រាប់កីឡាករដែលស្រលាញ់ចូលចិត្ត និងចង់អភិវឌ្ឍខ្លួនដើម្បីក្លាយជាកីឡាករអាជីព ក៏ដូចជាកីឡាកររបស់ប្រទេសជាតិនាថ្ងៃអនាគតផងដែរ។ គួរដឹងថា ខេត្តរតនគិរីគឺជាខេត្តមួយ ក្នុងចំណោម ២៥រាជធានី-ខេត្ត ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសាងសង់ទីលានស្មៅធម្មជាតិ នៃសាលាតម្រង់ទិសនៅសាលាបឋមសិក្សាបុរីកម្មករបួន ហើយត្រូវបានសហព័ន្ធប្រគល់ជូនកាលពីខែតុលា ឆ្នាំ២០២០ ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងបន្ដទៅថ្ងៃអនាគត៕
អត្ថបទ៖ លី ឈុនឡា